នាយឧត្តមសេនីយ៍ វង្ស ពិសេន សង្ឃឹមថា នៅឆ្នាំ២០២៦ ខាងមុខនេះ កងទ័ពកម្ពុជា-អាមេរិក នឹងបន្តការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន និងការប្រឆាំងអំពើភេរវកម្ម

ភ្នំពេញ៖ លោកវរសេនីយ៍ទោ Kyle Saltzman នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការី នៅថ្ងៃទី២៥ មីនា ឆ្នាំ២០២៥ បានចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ជូនឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។
នៅក្នុងឱកាសដ៏រីករាយនោះ លោកវរសេនីយ៍ទោ Kyle Saltzman បានជូនពរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន និងក្រុមគ្រួសារ សូមជួបតែសុភមង្គល វិបុលភាព និងសំណាងល្អនៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
លោកវរសេនីយ៍ទោ បានថ្លែងអំណរគុណឯកឧត្តមអគ្គមេបញ្ជាការក្នុងការគាំទ្រដល់អនុព័ន្ធយោធអាមេរិក ដែលកំពុងធ្វើការដើម្បីពង្រឹងទំនាក់ទំនងប្រទេសទាំងពីរឲ្យប្រសើរឡើងវិញ ហើយកិច្ចការនេះស្តែងឡើងតាមរយៈការទទួលស្វាគមន៍ដល់ដំណើរទស្សនកិច្ចនៅកម្ពុជារបស់មេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក និងមេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក កាលពីពេលថ្មីៗនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដល់អនុព័ន្ធយោធាអាមេរិក ដែលបានដឹកនាំសហការីមកជូនពរនៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានធ្វើការកត់សម្គាល់កិច្ចសហប្រតិបត្តិការល្អប្រសើររវាងកម្ពុជា និងសហរដ្ឋអាមេរិក ជាពិសេស នៅក្រោយដំណើរមកកាន់កម្ពុជាចំនួន២លើករបស់អតីតរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ឡយ អូស្ទីន ក៏ដូចជាដំណើរទស្សនកិច្ចមន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិក និងការចូលចតនាវាសហរដ្ឋអាមេរិកជាដើម។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ សង្ឃឹមថា នៅឆ្នាំ២០២៦ ខាងមុខនេះ កងទ័ពនៃប្រទេសទាំងពីរ នឹងបន្តធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នាឡើងវិញ និងការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់រាល់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការប្រឆាំងអំពើភេរវកម្ម និងការបន្តបេសកកម្មរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង