មិនដល់រយៈពេល២ខែ អាជ្ញាធរស្រុកពេជ្រាដា បង្ក្រាបការហ៊ុំព័ទ្ឋយកដីព្រៃជាច្រើនហិកតានិងសកម្មភាពប្រើគ្រឿងចក្រកាយគាស់លើដីសម្បទានសង្គមកិច្ច តែគ្មានឃាត់ខ្លួនបានមនុស្សណាម្នាក់

ខេត្តមណ្ឌលគិរី ៖ មិនដល់រយៈពេល២ខែអាជ្ញាធរស្រុកពេជ្រាដា បានចុះបង្ក្រាបការហ៊ុំព័ទ្ឋយកដីព្រៃជាច្រើនហិកតានិងសកម្មភាពប្រើគ្រឿងចក្រកាយគាស់លើដីសម្បទានសង្គមកិច្ច តែគ្មានឃាត់ខ្លួនបានមនុស្សណាម្នាក់ឲ្យទទួលខុសត្រូវចំពោះសកម្មភាពល្មើសច្បាប់ឡើយ។

សេចក្តីរាយការណ៍ដែលទើបទទួលបាននាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៥ កម្លាំងគណៈបញ្ជាការឯកភាពស្រុកពេជ្រាដា បានចុះបង្ក្រាបករណីកាប់រាន ឈូសឆាយ ហ៊ុំព័ទ្ធដីព្រៃ ជាប់ជាមួយទឹកអូរផ្លាយ នៅភូមិពូរក្រេង ឃុំស្រែអំពូម យកធ្វើជាកម្មសិទ្ធិ មានទំហំផ្ទៃដី១៥.៨ហិកតា តែក្រុមការងារស្រុកមិនបានជួបប្រទះជនសង្ស័យ ដែលប្រព្រឹត្តសកម្មភាពល្មើសច្បាប់នៅទីតាំងនោះទេ ។បើតាមការពិនិត្យជាក់ស្តែង ក្រុមការងារអះអាងថា ទីតាំងនេះមានការឈូសឆាយ មានរយៈពេលប្រហែលជាង២០ថ្ងៃកន្លងទៅ ហើយក្រុមការងារកំពុងបន្តការស្រាវជ្រាវស្វែងរកជនបង្ក ដើម្បីយកមកអនុវត្តនីតិវិធីច្បាប់ស្តីពីព្រៃឈើ។
ដោយឡែកកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ អាជ្ញាធរបានចាប់ឃាត់គ្រឿងចក្រប្រភេទ អេស្ការវ៉ាទ័រមួយគ្រឿង ម៉ាកKomasuពណ៌លឿង ស្ថិតក្នុងដីសម្បទានសង្គមកិច្ចក្នុងភូមិសាស្ត្រឃុំប៊ូស្រា ស្រុកពេជ្រាដា ។បើតាមប្រភពព័ត៌មាន សកម្មភាពគ្រឿងចក្រដែលកាប់គាល់ដីនេះ គឺគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ គ្រឿងចក្រនេះបន្ទាប់ពីឃាត់រួច អាជ្ញាធរបានប្រគល់ទៅឲ្យជំនាញដើម្បីបន្តនិតិវិធី តែគ្មានដំណឹងថា ឃាត់បានមនុស្សឬម្ចាស់ទីតាំងឡើយ។
ជុំវិញករណីទាំងពីរខាងលើលោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានបញ្ជាប់តាមសារអេឡិចត្រូនិចយ៉ាងខ្លីថា «ករណីទី១នាយផ្នែករដ្ឋបាលព្រៃឈេីកំពុងធ្វេីការស្រាវជ្រាវ។ករណីទី២ដោយក្រុមការងារកំពុងធ្វេីការ» ។
ប្រភពក្រៅផ្លូវការបានឲ្យដឹងថា ដីសម្បទានសង្គមកិច្ចនៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីចំនួន ២ ៤០០ ហិកតា ដែលមិនទាន់បានធ្វើការបែងចែកច្បាស់លាស់កំពុងត្រូវបានកាប់រានទន្ទ្រានជាបន្តបន្ទាប់ ព្រមទាំងមានការទិញលក់ជាលក្ខណៈឯកជនទៀតផង។ តំណាងសហគមន៍ជនជាតិដើមភាគតិចព្នងនៅភូមិពូលុដែលធ្លាប់បានផ្តល់បទសម្ភាសន៍ជាមួយអ្នកកាសែត លោក វ៉ាង ផូ បាននិយាយថា ដីសម្បទានសង្គមកិច្ចនេះមានទំហំបីពាន់ហិកតា ស្ថិតក្នុងភូមិសាស្ត្រ ភូមិវ៉ាលយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ដែលអាជ្ញាធរខេត្តមណ្ឌលគិរី ស្នើសុំទៅថ្នាក់ជាតិកាលពីឆ្នាំ ២០០៩។ ដោយសារកត្តាភូមិសាស្ត្រត្រូវកាត់ផលប៉ះពាល់ចេញ ៦០០ ហិកតា នៅសល់ ២ ៤០០ ហិកតា ពុំទាន់មានការបែងចែកនៅឡើយ ប៉ុន្តែមានការកាប់រានទន្រ្ទានជាបន្តបន្ទាប់ ធ្វើលំនៅឋានស្នាក់នៅដាំដំណាំ ដែលអ្នកទាំងនោះមើលទៅជាអ្នកមានធនធានគ្រាន់បើ មិនមានអ្នកក្រឡើយ៕

អត្ថបទដែលជាប់ទាក់ទង