CBC ! ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន យល់ដឹងពីសារសំខាន់នៃប្រវត្តិឥណទាន ដែលជួយពួកគាត់ដឹងពីសុខុមាលភាពហិរញ្ញវត្ថុ និងកែតម្រូវការខ្វះខាតរបស់ខ្លួន
(ភ្នំពេញ)៖ លោក អឿន សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ ខេមបូឌា (CBC) បានថ្លែងឲ្យដឹងថា ប្រមាណជាង១០ឆ្នាំមកនេះ ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន ចាប់ផ្ដើមយល់ដឹង និងស្គាល់ពី CBC ចំពោះការស្គាល់ពីប្រវត្តិឥណទាននេះ ជាចំណុចដ៏សំខាន់មួយក្នុងការជួយ ដល់ប្រជាពលរដ្ឋដឹងអំពីសុខុមាលភាពហិរញ្ញវត្ថុ និងកែតម្រូវការខ្វះខាតរបស់ខ្លួន។
ការលើកឡើងរបស់លោក អឿន សុធារ័ត្ន ធ្វើឡើងក្នុងវេទិការៀបចំឡើងដោយ ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយក្រុមហ៊ុនន ក្រេឌីត ប្យូរ៉ូ ខេមបូឌា រៀបចំវេទិកាពិភាក្សាមួយស្ដីអំពី «ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានដោយការទទួលខុសត្រូវ» ដោយរៀបចំឡើងនៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥។
លោក អឿន សុធារ័ត្ន បានថ្លែងឲ្យដឹងថា ចំពោះ CBC ជាកន្លែងកត់ត្រាទាំងព័ត៌មានវិជ្ជមាន និងអវិជ្ជមាន ដើម្បីឲ្យមានតម្លាភាពក្នុងប្រព័ន្ធចែករំលែកព័ត៌មាននេះ សម្រាប់អតិថិជនដែលបង់សងទាន់ពេលវេលា នឹងជួយឲ្យប្រវត្តិកាន់តែល្អ ក្នុងការទទួលបានឥណទាននៅថ្ងៃក្រោយ ប៉ុន្ដែនៅពេលដែលបង់យឺតយ៉ាវ ជាសញ្ញាមួយក្នុងការប្រាប់ថា នឹងប៉ះពាល់ដល់ប្រវត្តិឥណទាននៅថ្ងៃក្រោយ។
លោក អឿន សុធារ័ត្ន បានបញ្ជាក់ថា ប្រសិនបើអតិថិជនមានឧបសគ្គណាមួយកើតឡើង ដែលបណ្ដាលឲ្យបង់ប្រាក់យឺត អតិថិជនគួរទៅនិយាយសម្របសម្រួល ដើម្បីធ្វើយ៉ាងណាឲ្យមានការបង់សងត្រឡប់ ទាន់ពេលវេលាឡើងវិញ។
លោកបានបញ្ជាក់ថា «ប្រមាណជា១៣ឆ្នាំមកនេះ CBC ទទួលបានការគាំទ្រយ៉ាងខ្លាំងពីធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះឃើញថា ការយល់ដឹងរបស់ប្រជាពលរដ្ឋចាប់ផ្ដើមមានជាបណ្ដើរៗហើយ ប៉ុន្ដែនៅមានកម្រិតនៅឡើយ ដូច្នេះទាមទារឲ្យយើងបន្ដការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីបង្កើនការយល់ដឹង កាន់តែច្រើនបន្ថែមទៀត និងធ្វើយ៉ាងណាឲ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់ថា CBC បានជួយដល់អតិថិជនរបៀបណា ហើយដើម្បីឲ្យប្រវត្តិឥណទានកាន់តែល្អប្រសើរ តើអតិថិជនគួរតែកែប្រែឥរិយាបទរបស់ខ្លួនបែបណា»។
លោក អឿន សុធារ័ត្ន បានបញ្ជាក់ថា ជាក់ស្ដែងនៅថ្ងៃនេះក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយក្រុមហ៊ុនន ក្រេឌីត ប្យូរ៉ូ ខេមបូឌា រៀបចំវេទិកាពិភាក្សាមួយស្ដីអំពី «ការចូលរួមផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុ និងការប្រើប្រាស់ឥណទានដោយការទទួលខុសត្រូវ» ដើម្បីឲ្យអ្នកសារព័ត៌មានជួយបន្ដផ្សព្វផ្សាយអំពី ចំណេះដឹងហិរញ្ញវត្ថុទៅដល់អតិថិជន ប្រជាពលរដ្ឋកាន់តែច្រើនបន្ថែមទៀត។
វេទិកានេះបានផ្ដល់ឱកាស ដល់អ្នកសារព័ត៌មាន ស្វែងយល់អំពីតួនាទី នៃប្រព័ន្ធចែករំលែក ព័ត៌មានឥណទាននៅកម្ពុជា ក្នុងការលើកម្ពស់ស្ថិរភាពវិស័យហិរញ្ញវត្ថុ ក្នុងទីផ្សារឥណទាន ទិន្នាការនៃទីផ្សារឥណទាន និងឥរិយាបទអ្នកប្រើប្រាស់។
លោក លាង ដឺលុច គណៈកម្មាធិការនាយកនៃអ្នកកាសែតកម្ពុជា បានលើកឡើងថា វេទិកានៅថ្ងៃនេះជាវេទិកាមួយ ដែលក្លឹបអ្នកកាសែតកម្ពុជា ចាំបាច់ត្រូវតែធ្វើជាមួយវិស័យហិរញ្ញវត្ថុ ដើម្បីឲ្យអ្នកសារព័ត៌មាន មានចំណេះដឹងមូលដ្ឋានគ្រឹះ ហើយពាំនាំនូវចំណេះដឹងនេះ ព័ត៌មានគ្រប់ជ្រុងជ្រោយជូនដល់ប្រជាពលរដ្ឋ។
លោកបានបន្ដទៀតថា សូមលើកទឹកចិត្តឲ្យមានការធ្វើការទំនាក់ទំនងគ្នាកាន់តែច្រើន ជាមួយអ្នកសារព័ត៌មាន ទាំងក្នុងវិស័យហិរញ្ញវត្ថុក្តី សមាគមហិរញ្ញវត្ថុ ឬ CBC ក្តី ដើម្បីជាមធ្យោបាយមួយទៀត ដើម្បីចូលរួមផ្សព្វផ្សាយកាន់តែទូលំទូលាយ៕