ប្រុងប្រយ័ត្នជនខិលខូច ដែលបោកបញ្ឆោតលួងលោមឲ្យទៅទទួលកញ្ចប់បញ្ញើ សង្ស័យមានលាក់បង្កប់សារធាតុញៀន

ភំ្នពេញះ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង សូមធ្វើការសំណូមពរ ដល់សាធារណជនឲ្យមានការប្រុងប្រយ័ត្ន ទៅលើជនខិលខូច ដែលបោកបញ្ឆោតលួងលោម ឲ្យទៅទទួលកញ្ចប់បញ្ញើសង្ស័យមានលាក់បង្កប់សារធាតុញៀន ហើយសូមប្រតិបត្តិករក្រុមហ៊ុនបញ្ញើឯកជននានា សូមមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យឲ្យបានច្បាស់លាស់ទៅលើអត្តសញ្ញាណ និងអាសយដ្ឋានអ្នកផ្ញើ-អ្នកទទួល ព្រមទាំងលេខទូរស័ព្ទឲ្យបានច្បាស់លាស់។

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានធ្វើការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនបានជនសង្ស័យជនជាតិខ្មែរចំនួន០២នាក់ មានឈ្មោះ ហ៊ួន សុធី (HUON SOTHY) ភេទប្រុស អាយុ៣៧ឆ្នាំ ជាអ្នកមកផ្ញើ និងឈ្មោះ ស៊ិន វាសនា (SIN VEASNA) ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នកណែនាំ ឬបក្សពួក ករណីគ្រឿងញៀន ”កញ្ឆាក្រៀម” មានទំងន់សរុបចំនួន ១៩,៨៣៤ក្រាម ស្មើនិង១៩គីឡូ និង៨៣៤ក្រាម ដែលបានលាក់បង្កប់នៅក្នុងកំប៉ុងដែកបិទជិត មានបិទតែមស្លាក ”គ្រាប់កាហ្វេធម្មជាតិ” មានចំនួន៤០កំប៉ុង ហើយយកមកផ្ញើនៅប្រៃសណីយ៍កម្ពុជា សាខាបឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ គោលដៅឆ្ពោះទៅប្រទេសអង់គ្លេស កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥។

ការបង្រ្កាបករណីនេះ ប្រើរយៈពេលចំនួន០៧ថ្ងៃ គិតចាប់តាំងពីដំណាក់កាលរកឃើញកញ្ចប់បញ្ញើសង្ស័យចំនួន០២កញ្ចប់ ដំណាក់កាលស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ដំណាក់កាលបង្រ្កាប និងការកសាងសំណុំរឿងនីតិវិធីបញ្ជូនជនសង្ស័យទៅកាន់សាលដំបូងរាជធានីភ្នំពេញ។
ករណីនេះ ត្រូវបានលោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនសង្ស័យទាំង០២នាក់ខាងលើ ពីបទ ”ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន” តាមបញ្ញតិ្តមាត្រា៤០(បទឧក្រិដ្ឋ) នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងបញ្ជូនជនសង្ស័យទាំង០២នាក់ខាងលើ ទៅកាន់មណ្ឌលអប់រំកែប្រែទី១ “ម១” តាមដីកាបង្គាប់ឲ្យឃុំខ្លួនចំនួន០២ មានលេខ១៦៦០ និង១៦៦១ ”ច” ដ.ព.ស ច ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ របស់ចៅក្រមស៊ើបសួរ ឈ្មោះ អ៊ី សុវណ្ណ ៕

អត្ថបទដែលជាប់ទាក់ទង