សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៖ កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា កុំខ្វល់ជាមួយអ្នកដែលនិយាយលាបពណ៌មកលើការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ប៉ុន្ដែយើងត្រូវខិតខំបន្តអភិវឌ្ឍន៍ និងផ្ដល់ប្រយោជន៍ទៅដល់ប្រជាពលរដ្ឋពិតប្រាកដ ដូចជាការសម្ពោធអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន និងអគារទីចាត់ការ នៅខេត្តព្រះសីហនុថ្ងៃនេះ គឺជាសមិទ្ធផលជាក់ស្ដែង
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ពេលផ្លាស់ប្ដូរពីមេជើងគោក មកជានាយករដ្ឋមន្រ្ដី ប្រសិនបើអាចប្ដូរពេលវេលាពីមួយថ្ងៃ ២៤ ម៉ោងទៅមួយថ្ងៃ ៤៨ ម៉ោង ខ្ញុំកាន់តែអរ ដើម្បីមានពេលវេលាច្រើនគិតគូរពីការអភិវឌ្ឍប្រទេសជាតិ និងជួយដល់ប្រជាពលរដ្ឋ”។
សម្ដេចធិបតី បន្ថែមថា មកដល់ម៉ោងនេះ ខេត្តព្រះសីហនុ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាល និងការសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង៕

អត្ថបទដែលជាប់ទាក់ទង