លោក ផាង វី អញ្ជើញដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យជាក់ស្តែងការអនុវត្តការងារថែទាំប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់
នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ ចុះពិនិត្យជាក់ស្តែងការអនុវត្តការងារថែទាំខួបប្រឡាយមេទី២ នៃប្រព័ន្ធធារាសាស្ត្រអាងទឹកត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
សូមជម្រាបថា ការងារថែទាំខួបប្រឡាយមេទី២ នៃប្រព័ន្ធធារាសាស្ត្រអាងទឹកត្រពាំងថ្មដែលត្រូវអនុវត្តក្នុងឆ្នាំ២០២៥ មានដូចជា៖ ទី១)ប្រទ្បាយមេ ១ខ្សែ ប្រវែង ១៦០៥០ម៉ែត្រ និង ទី២)សំណង់សិល្បការ្យសរុបចំនួន ៣៣កន្លែង ដែលគិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ ៣៥%។
លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម បានមានប្រសាសន៍ឱ្យដឹងថា ប្រឡាយមេទី២នៃប្រព័ន្ធធារាសាស្រ្តអាងទឹកត្រពាំងថ្ម មានតួនាទីយ៉ាងសំខាន់ក្នុងការចែកចាយទឹកដល់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំស្រូវ ក៏ដូចជាដំណាំរួមផ្សំផ្សេងៗទៀត ទាំងផ្នែកខាងក្រោម និងផ្នែកខាងលើនៃប្រព័ន្ធធារាសាស្ត្រអាងទឹកត្រពាំងថ្មនេះ ជាពិសេសនៅស្រុកភ្នំស្រុក ដែលមានផ្ទៃដីស្រោចស្រពសរុបចំនួន ៧៣៨០ហិកតា ក្នុងនោះស្រូវវស្សាចំនួន ៤៥០០ហិកតា និងស្រូវប្រាំងចំនួន ២៨៨០ហិកតា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម និងក្រុមការងារបច្ចេកទេស ក៏បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ដើម្បីពង្រឹងលើការងារថែទាំប្រព័ន្ធធារាសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព និងបានពាំនាំនូវប្រសាសន៍ណែនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងការអនុវត្តការថែទាំប្រព័ន្ធធារាសាស្រ្តជាប្រចាំនៅទូទាំងប្រទេសទៅតាមលក្ខណៈបច្ចេកទេស ប្រកបដោយគុណភាព ស័កិ្តសិទ្ធិភាព និងនិរន្តរភាព ដើម្បីធានាបាននូវការប្រើប្រាស់យូរអង្វែង៕