ប្រធានាធិបតីហ្វីលីពីន បង្ហាញពីបំណងជំរុញ និងពង្រឹងទំនាក់ទំនងទ្វេភាគីហ្វីលីពីន-កម្ពុជាបន្ថែម និងបានទទួលស្គាល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ
យោងតាមក្រសួងការបរទេសកម្ពុជា ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបង្ហាញពីបំណងជំរុញ និងពង្រឹងទំនាក់ទំនងទ្វេភាគីហ្វីលីពីន-កម្ពុជាបន្ថែមទៀត និងបានទទួលស្គាល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ការបង្ហាញនូវជំហរបែបនេះ ក្នុងឱកាសដែលឯកឧត្តមទទួលនូវសារតាំងពីឯកឧត្តម ស៊ិន សារៀម ក្នុងនាមជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន នៅវិមាន Malacañang នារដ្ឋធានីម៉ានីល កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ កន្លងមកនេះ។
ឯកឧត្តមប្រធានាធិបតី Ferdinand R. Marcos Jr. បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន និងបានគូសបញ្ជាក់ពីលទ្ធផលប្រកបដោយផ្លែផ្កានៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី មកកាន់ប្រទេសហ្វីលីពីន នៅខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាសក្ខីភាពនៃទំនាក់ទំនង កាន់តែជិតស្និទ្ធ និងស៊ីជម្រៅរវាងកម្ពុជា និងហ្វីលីពីន។
នៅក្នុងជំនួបខាងលើ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានបញ្ជាក់ការប្តេជ្ញាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ដើម្បីផលប្រយោជន៍ និងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតបានរម្លឹកពីជំនួបពិភាក្សាប្រកបដោយផ្លែផ្កា និងការចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការយោគយល់គ្នា (MoUs) និងកិច្ចព្រមព្រៀង ចំនួនប្រាំបីលើវិស័យសំខាន់ៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ កសិកម្ម ទេសចរណ៍ ការងារ បច្ចេកវិទ្យាទូរគមនាគមន៍ និងវប្បធម៌ ក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចផ្លូវការដ៏ជោគជ័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសហ្វីលីពីន៕