ឯកឧត្តម ងួន ពេជ្រ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងខេត្តកំពង់ធំ

នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ងួន ពេជ្រ និងឯកឧត្តម កង ចាន់ថន ទីប្រឹក្សាក្រសួង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសថ្នាក់ជាតិទទួលបន្ទុកការអនុវត្តគម្រោងក្រោមក្របខ័ណ្ឌហិរញ្ញប្បទានពីគ្រប់ដៃគូអភិវឌ្ឍន៍ និងថវិកាជាតិ និងមានការចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ចុះពិនិត្យវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សូមជម្រាបថា គម្រោងនេះចាប់ផ្តើមអនុវត្តកាលពីខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់នៅក្នុងខែមេសា ឆ្នាំ២០២៦ខាងមុខ។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖
១) សំណង់ទំនប់ស្ទាក់ស្ទឹងកំពង់គោប្រវែង ២៦០ម៉ែត្រ
២) សំណង់បញ្ចេញបញ្ចូលទឹក និងគ្រប់គ្រងទឹកចំនួន ៤៧កន្លែង ចាប់ពីសំណង់ស្ទាក់ស្ទឹងកំពង់គោរហូតដល់ស្ទឹងស្លាប់
៣) ប្រឡាយពង្វាងទឹកស្ទឹងស្លាប់ប្រវែង ៣០គីឡូម៉ែត្រ ខ្នងទំនប់ទំហំ ៦ម៉ែត្រ មាត់លើទំហំ ៦០ម៉ែត្រ បាតក្រោមទំហំ ២០ម៉ែត្រ និងមានសំណង់សិល្បការ្យចំនួន ១១៧កន្លែង មានសមត្ថភាពពង្វាងទឹកបានប្រមាណ ៣០០ម៉ែត្រគូបក្នុងមួយវិនាទី។
ក្នុងឱកាសនោះដែរ ឯកឧត្តមទីប្រឹក្សាបានស្នើដល់ក្រុមការងារសាងសង់សូមបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ អនុលោមសមស្របទៅតាមបទដ្ឋានបច្ចេកទេសដែលបានចែងក្នុងកិច្ចសន្យា និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមការគ្រោងទុក ព្រមទាំងសំណូមពរទៅដល់អ្នកពាក់ព័ន្ធបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទដែលជាប់ទាក់ទង