សម្ដែងការភ្ញាក់ផ្អើល ងឿងឆ្ងល់ បន្ទាប់ពីដឹងថា ដីធ្លីរបស់ពួកគាត់ដែលកំពុងរស់នៅអាស្រ័យផល ត្រូវបានគេរត់ការធ្វើប្លង់រឹងយក រឿងគម្រោងចេញប្លង់ដីពីលើមេឃ នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ ពលរដ្ឋខ្លះអះអាងថា បានទិញដីពីបងប្អូនជនជាតិដើមភាគតិចដោយផ្ទាល់ ខ្លះបានទិញតៗគ្នា ហើយបានមករស់នៅនិងអាស្រ័យផលជាក់ស្ដែងម្នាក់ៗមិនក្រោមពី ៥-៦ ឆ្នាំឡើយ ដោយមានការទទួលស្គាល់ដឹងឮពីអាជ្ញាធរមូលដ្ឋានផងដែរ ។

ពលរដ្ឋប្រមាណជាង២០០គ្រួសារ ដែលមានលំនៅឋាន ក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ក្រោយម៉ូតែលសែនមនោរម្យ) ប៉ុន្មានថ្ងៃមកនេះបានសម្ដែងការភ្ញាក់ផ្អើល ងឿងឆ្ងល់ បន្ទាប់ពីដឹងថា ដីធ្លីរបស់ពួកគាត់ដែលកំពុងរស់នៅអាស្រ័យផល ត្រូវបានគេរត់ការធ្វើប្លង់រឹងយក ។

បើតាមពួកគាត់ថា កាលពីឆ្នាំ២០២៣កន្លងទៅ ក្រុមការងារខេត្តក៏បានចុះវាស់ក្បាលដីឲ្យពួកគាត់ផងដែរ ហើយក្រោយ មកក៏មានការកោះហៅប្រជុំដោយគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្តដឹកនាំដោយលោក ចាន់ រតនា អភិបាលរងខេត្ត និងមានភាគីលោក ឈាង ប៉ាក់សួរ ចូលរួមដែរ តែដោយពុំមានវត្តមានឈ្មោះ សាន សូត្រ ដែលភាគីលោក ឈាង ប៉ាក់សួរ ថា ជាអ្នកលក់ដីឲ្យខ្លួន កិច្ចប្រជុំគ្រានោះក៏មិនអាចយកជាការបាន។

ស្ងាត់ៗពេលនេះ បែរជាលេចដំណឹងថា ឈ្មោះ ឈាង ប៉ាក់សួរ បានរត់ការ ទៅដល់ក្រសួងដែនដីនគររូបនីយកម្ម ហើយឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ក៏បានចារឯកភាពនៅលើលិខិតលេខ ៣៤ ៥០ ដនស /ខទ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ២០២៤ ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យទៅឱ្យឈ្មោះ ឈាង ប៉ាក់សួរ ទៀតផង ដែលវាជារឿងគួរឲ្យខកចិត្តបំផុត ។ ត្រង់នេះត្រូវបានពលរដ្ឋអះអាងថា អាចឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ពុំបានជ្រាបគ្រប់ជ្រុងជ្រោយពីស្ថានភាពដីធ្លីនេះ និងម្យ៉ាងអាចថ្នាក់ក្រោមពុំបានបញ្ជូនរបាយការណ៍ពិតប្រាកដ ឬបញ្ជូន តែរបាយការណ៍ភូតកុហក់ទៅឯកឧត្តម ។ ប៉ុន្តែយ៉ាងណាក្ដី ដើម្បីសន្តិភាព ចៀសផុតពីការផ្ទុះឡើង នៃសង្គ្រាមដីធ្លីសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រុមប្រជាពលរដ្ឋបានស្នើសុំយ៉ាងទទូច ឲ្យឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចាត់តាំងក្រុមការងារមកពិនិត្យស្ថានភាពជាក់ស្ដែងសិន សឹមមានការសម្រេចដោយសុភវិនិច្ឆ័យជាក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង