អភិបាលខេត្តស្វាយរៀង ដាក់ចេញទិសដៅសំខាន់ៗមួយចំនួន ដើម្បីត្រៀមរៀបចំផែនការ ការពារសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋឱ្យបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។
ការដាក់ចេញទិសដៅសំខាន់ៗមួយចំនួនរបស់ ឯកឧត្តម ប៉េង ពោធិ៍សា នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
បន្ទាប់ពីមានប្រសាសន៍ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១,កងកម្លាំងមានសមត្ថកិច្ចត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋឱ្យបានល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាពិសេសនៅទីតាំងដែលមានរៀបចំពិសង្ក្រាន្តនៅក្នុងមូលដ្ឋាន។
២. អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់លើការងារពង្រឹង ភូមិ ឃុំ មានសុវត្ថិភាព ដូចជាការបង្ក្រាបក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
៣.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៤.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
៥.មន្ទីរការងាររួមទាំងរដ្ឋបាលក្រុង-ស្រុក និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់បន្តការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ដើម្បីចុះឈ្មោះចូលបម្រើការងារនៅតាមតំបន់រោងចក្រនានាក្នុងខេត្តដែលកំពុងមានតម្រូវការកម្លាំងពលកម្ម។
៦,ដើម្បីទប់ស្កាតទៅលេីការថែរក្សាគុណភាពផ្លូវ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្រូវពិនិត្យនិងរៀបចំដាក់របានៅផ្លូវមួយចំនួនដែលរថយន្តធុនធំដឹកលើសទំងន់។
៧, ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយេីងមន្ទីរ-អង្គភាព ពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើបញ្ហាអម័យបរិស្ថាន និងសោភ័ណ្ឌភាពនៅក្នុងអង្គភាពរបស់របស់ខ្លួន ដូចជាការរៀបចំតុបតែងភ្លើងលម្អរជាដេីម ដើម្បីទទួលសិរីសួស្តីពីទេវតាឆ្នាំថ្មី ។
ជាចុងបញ្ចប់នៃកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានអនុញ្ញាតឱ្យមានការលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ និងចំណុចវិជ្ចមានមួយចំនួនទៅលើការអនុវត្តការងាររបស់មន្ទីរអង្គភាពនានាដែលពាក់ព័ន្ធផងដែរ។
ទន្ទឹមនោះ លោកនាយករងទីចាត់ការធនធានមនុស្សសាលាខេត្ត បានអាននូវសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មកាបង្ក្រាបល្បែងអនឡាញខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងអានសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មកាដើម្បីគាំទ្រជំរុញការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ផងដែរ៕