តារាចម្រៀងនាង សុភ័ក្រ កុសុមះ បានស្នើអោយមហាជន សូមអោយមានការប្រុងប្រយ័ត្ន រឿងបរិភោគក្តាមប្រៃ
ភ្នំពេញ ៖ តារាចម្រៀងនាង សុភ័ក្រ កុសុមះ បានស្នើអោយមហាជនសូមអោយមានការប្រុងប្រយ័ត្ន រឿងបរិភោគក្តាមប្រៃ ជាពិសេសក្តាមប្រៃក្រឡុកនៅកំពង់សោមមួយកន្លែង ខណៈពេលដែលនាង និងក្រុមការងារផ្សេងទៀតបានពុលរហូតចូលពេទ្យ ។
តារារូបនេះ បានចាត់ទុកករណីនេះ គឺជាគ្រោះថ្នាក់មួយ ដែលមើលមិនឃើញ ប្រសិនមិនព្យាបាលទាន់ពេលវេលា ក្នុងពេលដែលនាងស្នើអោយអាជីវករលក់មុខម្ហូបមួយនេះ គួរមានការប្រុងប្រយ័ត្ន និងមានអនាម័យខ្ពស់ ។
តាមរយៈសំណេរបង្ហោះលើបណ្តាញសង្គម សុភ័ក្រ កុសុមះ បានលើកឡើងថា ដំបូងឡើយ នាងខ្ញុំគិតថា មិនចង់សរសេរផុសករណីនេះទេ ប៉ុន្តែគិតឡើងវិញនាងខ្ញុំពិតជាបារម្ភជំនួសបងប្អូនដែលបានទៅលេងកំពង់សោម ហើយចូលចិត្តញាំក្តាមប្រៃក្រឡុកល្បី ដោយសារ តែកាលពីថ្ងៃទី២២ ប្អូនប្រុសរបស់ខ្ញុំបានទិញក្តាមប្រៃ យកមកញាំជាមួយក្រុមការងារ ៤ម៉ោងក្រោយមក នាងខ្ញុំនឹងប្អូនៗ ក្រុមការងារប្រហែល៥នាក់បានធ្វើទុក រាគក្អួត មិនក្រោម១០ដង វិលមុខ អស់កម្លាំង ថប់ដង្ហើមក្តៅខ្លួន បណ្តាលអោយចូលពេទ្យវេលាម៉ោង៤ទាបភ្លឺ មូលហេតុ គឺពុលក្តាម ដោយការលាងសម្អាតមិនបានល្អ ។
នាងបញ្ជាក់ថា ពួកខ្ញុំចូលពេទ្យដល់ទៅ២ដងទើបធូរ ហើយសំណេរមួយនេះគ្រាន់តែចង់ឲ្យបងប្អូនមានការប្រុងប្រយ័ត្នមុនញាំក្តាមប្រៃកុំឲ្យមានបញ្ហាដូចក្រុមនាងខ្ញុំ នេះពួកខ្ញុំទៅពេទ្យទាន់ពេល មានលទ្ធភាពព្យាបាល ចុះបើមិនទាន់ ខ្វះថវិកា ឬមិនបានដឹងថាពុល តើពួកខ្ញុំនឹងទៅជាយ៉ាងណា?
សរុបមក នាងខ្ញុំសូមផ្តាំផ្ញើទៅបងៗអាជីវករមួយចំនួន សូមពង្រឹងជាមួយគុណភាព អនាម័យជាមុនសិន មុនលក់ជូនអតិថិជន ព្រោះថា សុខភាព គឺសំខាន់ណាស់ ដែលលុយមិនអាចទិញបានទេ ។
ជាចុងក្រោយ សូមអរគុណបងប្អូនដែលបានបារម្ភសួរសុខទុក្ខក្រុមការងារ និងនាងខ្ញុំ ហើយក៏សូមអរគុណដល់ពេទ្យទាំង២កន្លែង ដែលបានយកចិត្តទុកដាក់ក្នុងការមើលថែអ្នកជំងឺយ៉ាងដឹកដល់ ៕