ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន
ដោយមានការរអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងតាមការអញ្ជើញរបស់គណៈកម្មាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ទៅធ្វើទស្សនកិច្ចផ្លូវការនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវចំណុចអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ក្នុងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាម យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
រយៈពេល ៣ថ្ងៃពេញ នៃដំណើរទស្សនកិច្ចនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅស្វែងយល់បន្ថែមពីប្រព័ន្ធសុខាភិបាល នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកមកធ្វើការឆ្លុះបញ្ចាំង និងអភិវឌ្ឍន៍វិស័យសុខាភិបាល កាន់តែរីកចម្រើនថែមទៀត ឱ្យស្របតាមបរិបទនៅកម្ពុជា។
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ៕