គណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងប្រតិភូអមដំណេីរ គណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងបញ្ហាប្រឈមនានារបស់រដ្ឋបាលខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៩ នៃរដ្ឋសភា។
មានរបាយការណ៍ សង្ខេបជូនគណៈប្រតិភូ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត បានបញ្ជាក់ថា អនុលោមតាមស្ថានភាពភូមិសាស្រ្តខេត្ត បច្ចុប្បន្នស្ថិតក្រោមម្លប់សន្តិភាព ដែលបានមកដោយនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្រ្តី សព្វថ្ងៃជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងស្ថិតក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ច្បាស់លាស់ ស៊ីជម្រៅ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យខេត្តបន្ទាយមានជ័យ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ក្នុងឱកាសនោះដែរលោកជំទាវ និន សាផុន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាលប្រកបដោយជោគជ័យ ផ្លែផ្កា។
លោកជំទាវក៏បានបញ្ជាក់ថា គណៈកម្មការទី៩ នៃរដ្ឋសភា អញ្ជើញមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យ មានគោលបំណងសំខាន់ គឺដើម្បីស្វែងយល់ពីលទ្ធផលអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាល អំពីការផ្លាស់ប្តូរយុទ្ធសាស្ត្រដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ដំណាក់កាលទី១ ដែលមានលក្ខណៈច្បាស់លាស់។ ជាមួយគ្នានោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានផ្ទេរអណាច នៃការដឹកនាំទៅដល់យុវជនជំនាន់ក្រោយ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ ប្រកបដោយភាពជោគជ័យ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានដាក់ចេញយ៉ាងច្បាស់លាស់ក្នុងដឹកនាំប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រេីនជាលំដាប់៕