មរតកសង្គ្រាមតាមព្រំដែនកម្ពុជា-វៀតណាម អដ្ឋិធាតុទាហានអាមេរិក ស្លាប់ព្រោះធ្លាក់យន្តហោះនៅរតនគីរី កាលពី៥៥ឆ្នាំមុន ត្រូវបានរកឃើញ និងរៀបចំបញ្ជូនទៅអាមេរិកវិញ
(ភ្នំពេញ)៖ អដ្ឋិធាតុទាហានរបស់អាមេរិកពីររូបទៀត ដែលស្លាប់បាត់បង់ជីវិតព្រោះការធ្លាក់យន្តហោះក្នុងសង្គ្រាមតាមព្រំដែនកម្ពុជា-វៀតណាម កាលពី៥៥ឆ្នាំមុននៅលើកទឹកដីខេត្តរតនគិរី ត្រូវបានរុករកឃើញ ហើយត្រូវបានរៀបចំបញ្ជូនត្រឡប់ទៅជូនគ្រួសារនៅទឹកដីអាមេរិកវិញ។
ពិធីត្រូវរៀបចំឡើងនៅថ្ងៃទី២៧ ខែមីណា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកស្រី ភារធារី Bridgette Walker និងលោក សៀង ឡាប្រេស អនុប្រធានគណៈកម្មាធិការនៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួន។
អដ្ឋិធាតុទាហានអាមេរិកពីររូបនេះ ត្រូវបានអង្គភាពទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក (DPAA) ផ្នែកក្រុមបូរាណវិទ្យា ដែលមានឈ្មោះថា Ohio Valley Archaeology និងក្រុមហ៊ុន Golden West គាស់កកាយ ដោយមានការជួយដ៏រឹងមាំពីគណកម្មាធិការកម្ពុជា ទទួលបន្ទុកផ្នែកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម។
ក្រសួងការបរទេសអាមេរិកប្រចាំនៅកម្ពុជា បានចាត់ទុកការរុករក និងបញ្ជូនអដ្ឋិធាតុទាហានអាមេរិកពីរនាក់ទៀតនេះ គឺជាជំហានដ៏ធំមួយ ក្នុងការផ្តល់ចម្លើយដល់គ្រួសាររបស់យុទ្ធជនបាត់ខ្លួន។
នៅចុងទសវត្ស១៩៦០ ដល់ដើមទសវត្ស១៩៧០ ក្នុងប្រតិបត្តិការតាមយន្តហោះសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់ ដើម្បីកាត់ផ្តាច់ប្រតិបត្តិការរបស់កងទ័ពវៀតណាមខាងជើង ដែលប្រើទឹកដីកម្ពុជាវាយចូលវៀតណាមខាងត្បូង ជាសម្ព័ន្ធមិត្តរបស់អាមេរិក។
របាយការណ៍របស់មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានឱ្យដឹងថា ប្រតិបត្តិការនោះ អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ចំនួនប្រមាណ ២លាន ៨សែនតោន និងគ្រាប់បែកគីមីផងដែរ។ ប្រតិបត្តិការនេះ បានសម្លាប់ប្រជាពលរដ្ឋខ្មែរជាង ៥០០,០០០នាក់់ និងបំផ្លាញភូមិឋាន ផ្ទះសម្បែងខែ្មររាប់ម៉ឺនកន្លែងថែមទៀត។
ក្នុងប្រតិបត្តិការសង្គ្រាមនោះ ក៏មានទាហានអាមេរិកជាច្រើនរូប បានស្លាប់បាត់បង់ជីវិតផងដែរ។ កម្ពុជា និងអាមេរិក បានបង្កើតកិច្ចព្រមព្រៀងមួយជាមួយគ្នាក្នុងការរុករកអដ្ឋិធាតុទាហានអាមេរិកដែលស្លាប់បាត់បង់ជីវិតក្នុងអំឡុងពេលសង្គ្រាមនោះ។
តាមរបាយការណ៍របស់អាមេរិក បានឱ្យដឹងថា ទាហានអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជាមានចំនួនប្រមាណ ៩០នាក់ ហើយសាកសពចំនួន៤២នាក់ត្រូវបានរកឃើញ។ ទាហានអាមេរិកាំងសរុបប្រមាណ ២,៦៤៦នាក់ បានបាត់ខ្លួនក្នុងប្រទេសវៀតណាម ឡាវ កម្ពុជា និងចិន កាលពីសម័យសង្គ្រាមវៀតណាម។ ធាតុទាហានអាមេរិជាង ១,៦០០នាក់ នៅបន្តបាត់ខ្លួននៅឡើយរហូតមកដល់ពេលនេះ ក្នុងនោះទាហានជាង ១,២០០នាក់បានបាត់ខ្លួនក្នុងទឹកដីវៀតណាម។
កម្ពុជាបានអនុវត្តប្រតិបត្តិការរុករកធាតុទាហានអាមេរិក ដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមអាមេរិក-វៀតណាម កាលពីទសវត្សឆ្នាំ៧០ ចាប់តាំងពីឆ្នាំ១៩៨០មក។ កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសផ្អាកការរុករកអដ្ឋិធាតុទាហានអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានសម្រេចផ្អាកចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ ឱ្យមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា។ ប៉ុន្តែនៅខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ បានអនុញ្ញាតឱ្យមានកិច្ចសហការរុករកធាតុទាហានអាមេរិកនៅលើទឹកដីកម្ពុជាឡើងវិញ។
ការរុករកឃើញ និងបញ្ជូនអដ្ឋិធាតុទាហានអាមេរិកទៅកាន់អាមេរិកវិញនាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ គឺលទ្ធផល និងព្រឹត្តិការណ៍រកឃើញលើកដំបូង ក្រោយប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការឡើងវិញកាលពីឆ្នាំ២០១៨៕