ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ អញ្ជើញជួបប្រជុំជាមួយឯកឧត្តមបណ្ឌិត Rajat Misra អគ្គនាយកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅទីក្រុងប៉េកាំង ប្រទេសចិន
ក្នុងឱកាសដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត Rajat Misra អគ្គនាយកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) នៅទីស្នាក់ការកណ្តាលរ នាទីក្រុងប៉េកាំង ប្រទេសចិន។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីពាក់ព័ន្ធសំខាន់ៗរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីជាច្រើនរូប ដើម្បីពិភាក្សាការងារដូចជា៖ ទី១)គម្រោងសាងសង់ប្រព័ន្ធធារាសាស្រ្តដែលមានលក្ខណៈធន់ទប់ទល់ទៅនឹងបម្រែបម្រួលអាកាសធាតុ ទី២)គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ ទី៣)គម្រោងកាត់បន្ថយគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ទី៤)ផែនការសកម្មភាពអនុវត្តន៍បន្ត និងទី៥)របាយការណ៍គោរពជូនប្រធានស្ថាប័នទាំងពីរ គឺក្រសួងធនធានទឹក និងឧតុនិយម និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីសុំការសម្រេចអនុវត្ត តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕