គណ:កម្មការទី៨ នៃរដ្ឋសភា ប្រជុំពិនិត្យសម្រេចលើវឌ្ឍនភាពការងារមួយចំនួនសម្រាប់ត្រៀមរៀបចំសិក្ខាសាលាសភាថ្នាក់តំបន់នៅថ្ងៃទី៣១ ខែមីនា ខាងមុខ
លោក ជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងពិភាក្សាសម្រេចលើការងារមួយចំនួនដែលនៅសេសសល់ សម្រាប់ការត្រៀមរៀបចំសិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋសកម្ម និងយុវជន»។
កិច្ចប្រជុំនេះរៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរូមពី ឯកឧត្តមអនុប្រធាន ឯកឧត្តមលេខាធិការ ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកានៃគណ:កម្មការទី៨ នៃរដ្ឋសភា ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សិក្ខាសាលាសភាថ្នាក់តំបន់ស្តីពី «បម្រែបម្រួលប្រជាសាស្ត្រ និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតបបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋសកម្ម និងយុវជន» នឹងរៀបចំឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ៕