ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំនិងសម្របសម្រួលជំនួបពិភាក្សាជាមួយតំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP)
នាថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំ និងសម្របសម្រួលជំនួបពិភាក្សាជាមួយតំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក(WFP) នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចជំនួបនេះមានការចូលរួមពីមន្ត្រីជំនាញជាន់ខ្ពស់ក្រសួង តំណាងនាយកដ្ឋានឧតុនិយម នាយកដ្ឋានជលសាស្រ្តនិងការងារទន្លេ ព្រមទាំងតំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកនៅកម្ពុជា សរុបចំនួន ១០នាក់។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃជំនួបពិភាក្សានាពេលនេះ គឺដើម្បីពិនិត្យមើលលើទិដ្ឋភាពទូទៅនៃសំណើគម្រោងដែលបានស្នើឡើងរបស់គម្រោងពង្រីកមូលនិធិអាកាសធាតុបៃតង (CREWS) ដែលទទួលអនុវត្តដោយអង្គការកម្មវិធីស្បៀងអាហារពិភពលោក។
ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងថា ក្នុងគម្រោងនេះ ក្រសួងធនធានទឹក និងឧតុនិយម ស្ថិតក្នុងសសរស្តម្ភទី២៖ការតាមដាន ការវិភាគ និងការព្យាករអំពីគ្រោះមហន្តរាយ ដោយធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធតាមដាននិងការព្យាករគ្រោះមហន្តរាយ និងការផ្តល់សេវាប្រព័ន្ធប្រកាសឱ្យដឹងជាមុន និងសសរស្តម្ភទី៣៖ការផ្សព្វផ្សាយ និងការប្រាស្រ័យទាក់ទងគ្នារវាងព័ត៌មានហានិភ័យគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាសឱ្យដឹងជាមុន សម្រាប់ខេត្តគោលដៅចំនួន៤ គឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការកម្មវិធីស្បៀងអាហារពិភពលោក លើវិស័យធនធានទឹក និងឧតុនិយម ជាពិសេសគាំទ្រចំពោះការចូលរួមចំណែកបង្កើនភាពធន់ និងការការពារជីវភាពរស់នៅរបស់សហគមន៍ដែលងាយរងហានិភ័យគ្រោះមហន្តរាយអាកាសធាតុ តាមរយៈការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានប្រព័ន្ធប្រកាសឱ្យដឹងជាមុនសម្រាប់តៀមបង្ការសង្រ្គោះទាន់ពេលវេលា៕