ទិដ្ឋភាពនៅប្រទេសថៃនិងវៀតណាម ក្រោយរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ វាយប្រហារមីយ៉ាន់ម៉ា ហើយធ្វើឱ្យរង្គើខ្លាំងដល់ប្រទេសទាំងពីរ
(បាងកក)៖ នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីមួយក្នុងកម្រិតធ្ងន់ រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លានេះ ក៏បានជះឥទ្ធិពលរង្គើនិងភាពភ័យស្លន់ស្លោ នៅក្នុងប្រទេសថៃ និង វៀតណាមផងដែរ។
រូបភាពនិងឃ្លីបវីដេអូចែកចាយព្រោងព្រាតតាមបណ្តោញទំនាក់ទំនងសង្គម បានបង្ហាញឱ្យឃើញ មនុស្សម្នារត់យ៉ាងប្រសាច ចេញពីអគារនិងនៅតាមដងផ្លូវ ជាពិសេសក្នុងប្រទេសថៃ រួមមានទាំងនៅរាជធានីបាងកក ដែលមានចម្ងាយជាង១០០០គីឡូម៉ែត្រពីចំណុចរំញ័រកណ្តាល។ យ៉ាងហោច អគារកំពុងសាងសង់១ខ្នង នៅប្រទេសថៃ បានដួលរលំទាំងស្រុង។ បើតាម AFP តំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសថៃ បានទទួលរងឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយដីនេះ។ រីឯនៅវៀតណាម រួមមានទាំងនៅរដ្ឋធានីហាណូយ ភាគខាងជើង និងទីក្រុងហូជីមិញ នៅភាគខាងត្បូង ប្រជាជនក៏បានទទួលរងភាពញ័ររង្គើផងដែរ ហើយមនុស្សម្នាជាច្រើន នាំគ្នារត់មកនៅខាងក្រៅដូចគ្នា។
គួរបញ្ជាក់ថា ដោយឡែក ភ្លាមៗនេះ មិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់ អំពីទំហំខូចខាតឬក៏មនុស្សរងគ្រោះថ្នាក់ស្លាប់ ឬរបួសនៅឡើយទេ ជាពិសេសនៅមីយ៉ាន់ម៉ាផ្ទាល់។ បើតាមទីភ្នាក់ងារអាមេរិក USGA ចំណុចរញ័រកណ្តាលនៃគ្រោះរញ្ជួយផែនដីខាងលើ គឺស្ថិតនៅចម្ងាយប្រមាណ១៧គីឡូម៉ែត្រ ពីទីក្រុង Mandalay ដែលមានមនុស្សរស់នៅ១.២លាននាក់ ភាគកណ្តាលមីយ៉ាន់ម៉ា និងមានជម្រៅត្រឹម១០គីឡូម៉ែត្រក្រោមផ្ទៃដីប៉ុណ្ណោះ ដែលអាចនឹងបង្កមហន្តរាយធ្ងន់ធ្ងរ ៕