គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ កំពុងប្រមូលព័ត៌មានហេតុការណ៍រង្គើដោយកន្លែងនៅភ្នំពេញ និងក្រុងព្រះសីហនុ សង្ស័យជះឥទ្ធិពលពីការរញ្ជួយដីនៅមីយ៉ាន់ម៉ា និងបាងកក

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ មកទល់ពេលនេះកំពុងប្រមូលព័ត៌មានហេតុការណ៍រង្គើដោយកន្លែងនៅក្នុងប្រទេសកម្ពុជា ដោយសង្ស័យជះឥទ្ធិពលមកពីការរញ្ជួយដីកម្រិតធ្ងន់រហូតដល់ ៧.៧រ៉ិចទ័រ នៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន នៅ រសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោក គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអះអាងថា នៅពេលនេះមន្ដ្រីជំនាញកំពុងធ្វើការប្រមូលព័ត៌មានបន្ថែមទៀត ដើម្បីធ្វើការវាយតម្លៃ និងសន្និដ្ឋានជំហានដំបូងជុំវិញហេតុការណ៍រង្គើនេះ ដោយសង្ស័យអាចជាការជះឥទ្ធិពលមកពីហេតុការណ៍រញ្ជួយដី កម្រិតធ្ងន់នៅប្រទេសជិតខាង។
យ៉ាងណាក៏ដោយ លោកទេសរដ្ឋមន្រ្តី គន់ គីម នឹងបញ្ជាក់ពីហេតុការណ៍ ក្រោយទទួលបាន និងមានការវាយតម្លៃនៃការរញ្ជូយនេះ។
សូមជម្រាបថា នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និង វៀតណាមផងដែរ។
ប្រជាជនថៃនៅក្នុងទីក្រុង Chiang Mai បានឱ្យដឹងថា ពួកគេបាននាំគ្នារត់ចេញទៅខាងក្រៅ ស្របពេលដែលអគារនានា បានរងការញ័ររញ្ជួយ។ បើតាម AFP តំបន់ភាគខាងជើងនិងភាគកណ្តាលប្រទេសថៃ បានទទួលរងឥទ្ធិពលរំញ័រ នៃគ្រោះរញ្ជួយដីនេះ។ យ៉ាងណាមិញ ភ្លាមៗមិនទាន់មានសេក្តីរាយការណ៍អំពីទំហំនៃការខូចខាត និងមនុស្សរងគ្រោះថ្នាក់ ដែលបង្កឡើងពីរញ្ជួយដីខាងលើនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង