កឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យការអនុវត្តគម្រោងថែទាំជាប្រចាំ និងគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តព្រៃវែង
នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយលោកអនុប្រធាននាយកដា្ននធារាសាស្ត្រកសិកម្ម និងមន្ត្រីជំនាញរបស់នាយកដ្ឋាន និងមន្ត្រីជំនាញមន្ទីរ ចុះពិនិត្យជាក់ស្តែងគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ជំហាន១ និងគម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយរំចេក ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រៃវែង។
សូមជម្រាបថា ក្នុងឆ្នាំ២០២៥នេះ នាយកដ្ឋានធារាសាស្ត្រកសិកម្ម អនុវត្តគម្រោងថែទាំជាប្រចាំប្រព័ន្ធធារាសាស្រ្តវ៉ៃគោ (ជំហាន១) ដែលមានទីតាំងស្ថិតក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ រួមមាន៖ ប្រឡាយមេនាំទឹក(NRC1-2)ចំនួន ១ខ្សែ ប្រវែង ២៨ ៧១៨ម៉ែត្រ ប្រឡាយមេ (MC1- MC2) ចំនួន ២ខ្សែប្រវែង ៤១ ៥៦៥ម៉ែត្រ និងសំណង់សិល្បការ្យ(តូច-ធំ) សរុបចំនួន ១១៦កន្លែង និង គម្រោងថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយរំចេក រួមមាន៖ ជួសជុលប្រឡាយមេចំនួន១ខ្សែ ប្រវែង ៣ ៥០០ម៉ែត្រ និងជួសជុលសំណង់សិល្បការ្យ(តូច-ធំ)សរុបចំនួន ១៥កន្លែង ដែល លទ្ធផលសម្រេចបានប្រមាណ ៥០%។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានធារាសាស្ត្រកសិកម្ម ត្រូវបន្តយកចិត្តទុកដាក់លើការងារជួសជុលថែទាំទំនប់សណ្ត ប្រព័ន្ធប្រឡាយ សំណង់បេតុង និងប្រព័ន្ធមេកានិចរវៃបិទ-បើកទ្វារទឹក ធ្វើយ៉ាងណាឱ្យមានសុវត្ថិភាព មានគុណភាព សោភ័ណភាពត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមបន្តគ្រប់គ្រងសមិទ្ធផលទាំងនេះឱ្យមានសុវត្ថិភាព និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជាពិសេសជំរុញសហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕