ឯកឧត្តម តាំង ផេងរិទ្ធី ដឹកនាំក្រុមការងារប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើសរើសឯកជនដើម្បីតាមដានព័ត៌មានអំពីបងប្អូនពលករខ្មែររស់នៅប្រទេសថៃ បន្ទាប់ពីគ្រោះរញ្ជួយដី
ភ្នំពេញ៖នាយប់ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម តាំង ផេងរិទ្ធី អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារចំពោះកិច្ចនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបប្រជុំជាមួយតំណាងទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ ដើម្បីពិនិត្យ ប្រមូល និងតាមដានព័ត៌មានអំពីស្ថានភាពរបស់បងប្អូនពលករខ្មែរនៅក្នុងប្រទេសថៃ បន្ទាប់ពីការកើតមានគ្រោះរញ្ជួយដីក្នុងទីក្រុងបាងកក និងខេត្តមួយចំនួនក្នុងប្រទេសថៃ នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ។
ក្រសួង និងទីភ្នាក់ងារជ្រើសរើសឯកជន និងបញ្ជូនពលករទៅធ្វើការនៅប្រទេសថៃ នឹងបន្តសហការជាមួយស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរមានសមត្ថកិច្ចថៃ និងសហគមន៍ខ្មែរនៅប្រទេសថៃ ដើម្បីបន្តតាមដានស្ថានការណ៍វិវត្តន៍ជាក់ស្តែង៕