ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់អំពីការអនុវត្តគម្រោងនើតឆ័រ (Nurture Project) ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ
នៅថ្ងៃព្រហស្បតិ៍-សុក្រ ១៤-១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសក្រសួង អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់អំពីការអនុវត្តគម្រោងនើតឆ័រ នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីសិក្សាស្វែងយល់ពីដំណើរនៃការអនុវត្តគម្រោង បញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងរយៈពេលកន្លងមក ព្រមទាំងផែនការអនុវត្តបន្ត។
សូមជម្រាបថា ដំណើរទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពីលោកស្រី Sonja Loosli នាយិកាអង្គការការីតាសស្វីសប្រចាំកម្ពុជា លោក Olivier Dumont ប្រធានគម្រោងនើតឆ័រ និងសហការី មន្រ្តីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តគោលដៅទាំងពីរ ព្រមទាំងអាជ្ញាធរភូមិ ឃុំពាក់ព័ន្ធ។
ក្នុងដំណើរបំពេញទស្សកិច្ចនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យជាក់ស្តែងដល់ទីតាំងអនុវត្តគម្រោងនៅសហគមន៍កសិករប្រើប្រាស់ទឹក នៃប្រព័ន្ធធារាសាស្រ្តអូរអង្រ្គង និងប្រព័ន្ធធារាសាស្រ្តទឹកជុំ ស្ថិតក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងប្រព័ន្ធធារាសាស្រ្តប្រសាទប្រាំ រួមទាំងប្រព័ន្ធធារាសាស្ត្របន្ទាត់បោះ ស្ថិតក្នុងឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានពិភាក្សាដោយផ្ទាល់ជាមួយគណៈកម្មាធិការសហគមន៍ និងកសិករដែលបានចូលរួម ព្រមទាំងបានផ្តល់នូវអនុសាសន៍ល្អៗសម្រាប់ជាដំណោះស្រាយលើបញ្ហាប្រឈមដែលកើតមាននាពេលកន្លងមក។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណដល់អង្គការហេក្សកម្ពុជា និងអង្គការការីតាសស្វីស ដែលបានចូលរួមចំណែកក្នុងការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងជួយលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាកសិករនៅក្នុងសហគមន៍ដែលងាយរងគ្រោះ និងលើកទឹកចិត្តឱ្យអង្គការហេក្សកម្ពុជា និងអង្គការការីតាសស្វីស បន្តពង្រីកការអនុវត្តគម្រោងនើតឆ័រ នៅតាមបណ្តាខេត្តផ្សេងៗទៀតក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីចូលរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
សូមបញ្ជាក់ថា គម្រោងនើតឆ័របានរៀបចំឡើងដោយអង្គការហេក្សកម្ពុជា និងអង្គការការីតាសស្វីស ក្រោមកិច្ចសហការជាមួយអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម និងអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានមន្រ្តីនៃមន្ទីរទាំងពីរជាអ្នកសហការអនុវត្តផ្ទាល់ ក្រោមការផ្តល់មូលនិធិពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការប្រចាំកម្ពុជា ក្នុងគោលបំណង ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រាក់ចំណូល និងពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដល់គ្រួសារកសិករនៅក្នុងសហគមន៍ដែលងាយរងគ្រោះ។ គម្រោងនេះ មានរយៈពេល ៤ឆ្នាំ ដែលបានអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ក្នុងខេត្តគោលដៅចំនួន ៤ រួមមាន ខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងខេត្តព្រះវិហារ។ គម្រោងនេះក៏មានផែនការគិតគូរសម្រាប់បន្តសកម្មភាពដំណាក់កាលទីពីរបន្ថែមទៀត ដែលមានរយៈពេល ៤ឆ្នាំ ចាប់ពីដើមឆ្នាំ២០២៧ ដល់ចុងឆ្នាំ២០៣០ផងដែរ៕