លោកជំទាវនាយករដ្ឋមន្ត្រីថៃ និងអតីតនាយករដ្ឋមន្ត្រីថៃ ៤រូប សម្តែងការអាឡោះអាល័យចំពោះ មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន !!!
ដោយសម្តែងនូវក្តីសោកស្តាយស្រណោះអាឡោះអាល័យយ៉ាងក្រៃលែងចំពោះការបាត់បង់ ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅវេលាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ លោកជំទាវនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ភែថងថាន ស៊ីណាវ៉ាត់ តាមរយៈលោកជំទាវភារៈធារីស្តីទីនៃស្ថានឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជា បាននាំយកនូវកម្រងផ្ការបស់លោកជំទាវនាយករដ្ឋមន្ត្រី រំលែកទុក្ខក្រៀមក្រំជាមួយសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ និងបានចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២និង២៧ នាទីទៀបភ្លឺ ដោយរោគាពាធ ក្នុងជន្មាយុ ៧៨ឆ្នាំ។
ជាមួយគ្នានេះដែរ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុមឆៃ វង្សសាវ៉ាត អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញមកគោរពវិញ្ញាណក្ខន្ធ និងបានចែករំលែកមរណទុក្ខដោយផ្ទាល់ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិគ្រឹះនៃសព ឯកឧត្តមអ្នកឧកញ៉ា ឧត្ដមមេត្រីវិសិដ្ឋ ហ៊ុន សាន ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ឯកឧត្តម ស៊ុមឆៃ វង្សសាវ៉ាត ក៏បាននាំមកនូវកម្រងផ្កាចូលរួមមរណទុក្ខពីអតីតនាយករដ្ឋមន្ត្រីថៃចំនួន ៣ រូបទៀត គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ រួមមានឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត់ និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត់ និងឯកឧត្តម សេដ្ឋា ថាវីស៊ីន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបាត់បង់នូវបងប្រុសបង្កើតជាទីស្រឡាញ់របស់ខ្លួន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះលោកជំទាវ ភែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ស៊ុមឆៃ វង្សសាវ៉ាត អតីតនាយករដ្ឋមន្ត្រីថៃ ដែលបានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធសពបងប្រុសសម្តេចដោយផ្ទាល់ និងតាមរយៈឯកឧត្តម ស៊ុមឆៃ វង្សសាវ៉ាត សូមថ្លែងអំណរគុណដល់អតីតនាយករដ្ឋមន្ត្រីទាំង ៣ គឺឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត់ និងលោកជំទាវ យីងឡាក់ ស៊ីណាវ៉ាត់ និងឯកឧត្តម សេដ្ឋា ថាវីស៊ីន ដែលបានចូលរួមចែករំលែកទុក្ខជាមួយសម្តេចតេជោផងដែរ។