មេដឹកនាំរបបយោធា ដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា ស្នើសុំជំនួយពីសហគមន៍អន្តរជាតិ បន្ទាប់ពីការរញ្ជួយដីដ៏ធ្ងន់
ទីក្រុងណៃពីដោ ៖ មេដឹកនាំរបបយោធា ដែលកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា លោក Min Aung Hlaing កម្រសហការជាមួយសហគមន៍អន្តរជាតិណាស់ជាពិសេសសុំជំនួយតែម្តង ប៉ុន្តែពេលនេះ លោកបានធ្វើការអំពាវនាវដ៏កម្រមួយ ស្នើសុំជំនួយពីសហគមន៍អន្តរជាតិ បន្ទាប់ពីការរញ្ជួយដីដ៏ធ្ងន់ធ្ងរ បានសម្លា.ប់មនុស្សយ៉ាងហោចណាស់១៤៤នាក់ ដែលជាតួលេខនេះ អាចនឹងកើនឡើងទៀត ។
លោក Min Aung Hlaing បាននិយាយនៅក្នុងសន្ទរកថា តាមទូរទស្សន៍ នៅថ្ងៃសុក្រនេះថា «ខ្ញុំបានទៅមើលទីតាំងមួយចំនួនដោយផ្ទាល់ ដែលរងផលប៉ះពាល់ ដើម្បីវាយតម្លៃពីស្ថានភាព។ ខ្ញុំចង់អំពាវនាវ ឱ្យអ្នកគ្រប់គ្នា ចូលរួម និងគាំទ្របេសកកម្មជួយសង្គ្រោះ ដែលកំពុងបន្ត» ។
លោក Min Aung Hlaing បានបន្តថា «ខ្ញុំបានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ហើយបានស្នើសុំជំនួយពីអន្តរជាតិ» ។ លោកបន្ថែមថា ឥណ្ឌានឹងបញ្ជូនជំនួយ «ខ្ញុំសូមលើកឡើង នូវការអញ្ជើញជាចំហដល់អង្គការ និងប្រទេសណា ដែលមានឆន្ទៈ មកជួយប្រជាជនមីយ៉ាន់ម៉ា ដែលកំពុងរងគ្រោះក្នុងហេតុការណ៍រញ្ជួយដី» ។
លោកបានលើកឡើងនៅក្នុងសុន្ទរកថានោះថា មនុស្សយ៉ាងហោចណាស់ ៩៦នាក់បានស្លា.ប់ នៅក្នុងទីក្រុងណៃពីដោ និងរាប់សិបនាក់ទៀត បានស្លា.ប់នៅក្នុងទឹកដីផ្សេងទៀតក្នុងប្រទេសមីយ៉ាន់ម៉ា ហើយយ៉ាងហោចណាស់ មនុស្សចំនួន ៧៣២នាក់ទៀតបានរងរបួស។ លោកបានបន្ថែមថា ៖ «ចំនួនអ្នកស្លា.ប់ ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត» ៕