ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពីវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត និងការងារជួសជុលនិងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេស
នៅរសៀលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពីវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត និងការងារជួសជុលនិងថែទាំជាប្រចាំប្រព័ន្ធធារាសាស្ត្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅសាលប្រជុំ នៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) ។ គម្រោងនេះគ្របដណ្តប់លើស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ និងមានប្រជាកសិករទទួលផលប្រមាណ ២៥ ០០០គ្រួសារ។ គិតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ៥០%។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ថា ការសាងសង់ និងអភិវឌ្ឍន៍អាងទឹកដងកាំបិត គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានានូវសន្តិសុខទឹក ការគ្រប់គ្រងទឹក និងការបញ្ជាទឹក បម្រើឱ្យការស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម និងការប្រើប្រាស់សម្រាប់ពហុវិស័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ណែនាំដល់នាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តបន្តពង្រឹងលើការងារជួសជុល និងថែទាំប្រព័ន្ធធារាសាស្ត្រឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសត្រូវអនុវត្តការងារថែទាំប្រព័ន្ធធារាសាស្ត្រជាប្រចាំនៅទូទាំងប្រទេសទៅតាមលក្ខណៈបច្ចេកទេស ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព និងនិរន្តរភាព ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង៕