សមត្ថកិច្ចបំបែកសំណុំរឿងឃាតកម្ម សម្លាប់ក្មេងស្រីអាយុជាង១០ឆ្នាំ នៅស្រុកអង្គរជុំ

• ខេត្តសៀមរាប៖ កងកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯក នួន ស័ក្តិចំរើនរិទ្ធ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌចុះសហការជាមួយនគរបាលស្រុកអង្គរជុំ ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ធ្វើការស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មឈានដល់ការចាប់ខ្លួនជនដៃដល់ដែលបានសម្លាប់កុមារីអាយុជាង 10 ឆ្នាំនៅស្រុកអង្គរជុំ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។
• ករណីឃាតកម្មនេះ បានឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតក្នុងភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ។ ជនរងគ្រោះឈ្មោះ គុណ ស្រីលិម ហៅ ស្រីតយ ភេទស្រី អាយុ១៣ឆ្នាំ។
• នៅថ្ងៃសៅរ៍ ថ្ងៃទី 29 ខែមីនា ឆ្នាំ 2025 នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បញ្ជាក់ថា ជនដៃដល់ ឈ្មោះ ស៊ាយ អាយប៉ឹម ហៅប៉ឹម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល ចាប់ខ្លួននៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ម្សិលមិញ។
• លោកឧត្តមសេនីយ៍ទោស្នងការបន្ថែមថា បន្ទាប់សាកសួរតាមនីតិវិធី ជនសង្ស័យមិនអាចឆ្លើយប្រកែកបាន ក៏ឆ្លើយសារភាពថា នៅអំឡុងដើមខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៦:០០នាទី ខណៈពេលឪពុករបស់ខ្លួន ឈ្មោះ ហឿត ស៊ាយ ភេទប្រុស អាយុ ៤០ឆ្នាំ កំពុងផឹកស្រាជាមួយឈ្មោះ សែ ភឿយ ហៅពឿត ឬឈឿយ ភេទប្រុស អាយុប្រហែល ៤៧ឆ្នាំ ជាប្រជាការពារភូមិអន្ទិតសុខ និងឈ្មោះ សែ សោម ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំ មុខរបរកសិករ ស្រាប់តែឈ្មោះ គក់ គុណ ភេទប្រុស អាយុ ៤៥ឆ្នាំ (ឪពុកចុងជនរងគ្រោះ) ជាអ្នកភូមិឃុំជាមួយគ្នា បានដើរមកក្នុងសភាពស្រវឹងស្រែកជេរប្រមាថ ភ្លាមៗនោះឈ្មោះ គក់ គុណ បានចាប់យកដំបងឈើ វាយមកលើឪពុករបស់ខ្លួន ចំនួន ០២ដំបង ត្រូវចំស្មាផ្នែកខាងស្តាំ បណ្តាលឱ្យថ្លោះគ្រេចស្មារ ហើយបន្តដើរទៅ យកខ្វែវដងឈើរបស់ឈ្មោះ សែ ភឿយ ដែលទុកក្រោមផ្ទះ ហើយស្រែកថា “ ហែងផឹកស្រា មិនដែលហៅអញ ចាំមើលអញយកខ្វែវកាប់ពួកហែងងាប់អស់ “ ប៉ុន្តែពេលនោះត្រូវបាន ឈ្មោះ ម៉ៅ ដា ភេទស្រី អាយុប្រហែល ៣៧ឆ្នាំ ដែលនៅក្បែរនោះចាប់ជាប់ ហើយឈ្មោះ គក់ គុណ បានដើរទៅផ្ទះបាត់ទៅ។
• ជាក់ស្តែងនៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ១៥:០០នាទី ជីតា របស់ខ្លួនឈ្មោះ ឆេង (មិនស្គាល់ត្រកូល) អាយុប្រហែល ៧០ឆ្នាំ បានប្រើឱ្យរូបខ្លួនទៅចងគោនៅចំណុចវាលស្រែអូរបាក់រនាស់ ស្ថិតនៅភូមិកើតហេតុ ពេល នោះក៏បានឃើញឈ្មោះ គុណ ស្រីលិម ហៅ តយ ភេទស្រី អាយុ ១៣ឆ្នាំ ត្រូវជាកូនស្រីចុងរបស់ឈ្មោះ គក់ គុណ ពាក់អាវយឺត មិនចាំពណ៌ និងមិនចាំថាដៃវែង ឬដៃខ្លី មិនមានស្លៀកខោរ កំពុងលេងទឹកម្នាក់ឯង ក្នុងចំណុចថ្លុកទឹកអូរបាក់រនាស់ ដោយនៅក្បែរឈ្មោះ គុណ ស្រីលិម មានសម្ភារៈដូចជា ធុងជ័រ ពណ៌ ស ចំនួន ០១, ចបជីកចំនួន ០១, ស្បែកជើងសូក ពណ៌ ផ្កាឈូក ចំនួន ០១គូរ និងមានខោរចំនួន ០១ មិនចាំថា ពណ៌អ្វីនោះទេ ភ្លាមនោះដោយខ្លួនមានគំនុំរឿងឪពុកខ្លួនត្រូវបានឪពុករបស់ឈ្មោះ គុណ ស្រីលិម វាយកន្លងមកផង រូបខ្លួនបានដើរសំដៅទៅរកឈ្មោះ គុណ ស្រីលិម ពីខាងក្រោយ បន្ទាប់មកធ្វើ សកម្មភាពប្រើដៃស្តាំច្របាច់ ក របស់ឈ្មោះ គុណ ស្រីលិម ពីផ្នែកខាងក្រោយ រុញពន្លិចទៅក្នុងទឹកថ្លុក ពេលនោះឈ្មោះ គុណ ស្រីលិម បានរើ បម្រាស់បានប្រហែល ០២នាទី ក៏លែងមានសកម្មភាពរើ រូបខ្លួនដឹងថា ឈ្មោះ គុណ ស្រីលិម បានស្លាប់ ក៏បានប្រើជើងខាងស្តាំជាន់ពន្លិចសពផ្កាប់មុខចូលទៅក្នុងដីភក់សភាពទន់ជ្រាយ លិចសពចូលទៅក្នុងដី ហើយដើរគេចខ្លួនទៅទិសខាងត្បូង ដល់ផ្លូវលំក៏ដើរទិសខាងកើត សំដៅទៅផ្ទះម្តាយមីង របស់ខ្លួនឈ្មោះ ភាំង នេត ភេទស្រី អាយុប្រហែល ២០ឆ្នាំ នៅភូមិឃុំ ជាមួយគ្នា ដោយលាក់បាំងរឿងនេះមិនប្រាប់អ្នកណាឡើយ។
• សូមជម្រាបថាប្រតិបត្តិការបង្ក្រាបជនសង្ស័យបានជោគជ័យ ដោយអនុវត្តតាមបទបញ្ជាដល់ម៉ឺងម៉ាត់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប៕

អត្ថបទដែលជាប់ទាក់ទង