អភិបាលខេត្តកណ្ដាល ៖ រាជរដ្ឋាភិបាល តែងតែខិតខំយកចិត្តទុកដាក់ផ្តល់សេរីភាពលើជំនឿសាសនា ដោយពេញលេញ

ភ្នំពេញ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំយកចិត្តទុកដាក់ផ្តល់សេរីភាពលើជំនឿសាសនាដោយពេញលេញ និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋ និងគាំទ្រគាំពារការគោរពប្រតិបត្តិសាសនាឥស្លាម និងសាសនាដទៃ ឆ្ពោះទៅកាន់សុខដុមនីយកម្មសាសនា ដើម្បីការរីកចម្រើន ការរស់ក្នុងសន្តិភាព។
ការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន នាឱកាសអញ្ជើញជាអធិបតីរួមជាមួយ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី១ ឆ្នាំ២០២៥ ក្នុងខេត្តកណ្ដាល នៅវិហារឥស្លាម អាល់ អាហ្សីម ស្ថិតនៅភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ពិធីដ៏មានតម្លៃនេះ បានបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ភាតរភាព និងការយោគយល់អធ្យាស្រ័យរវាងបងប្អូនសហគមន៍ឥស្លាមនៅខេត្តកណ្តាល ហើយក៏បានផ្តល់ជាឱកាសដ៏កម្រ ដែលអនុញ្ញាតឱ្យសមាជិកសហគមន៍បានជួបជុំគ្នា សាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ ផ្លាស់ប្តូរទស្សនៈចំណេះដឹង និងចែករំលែកបទពិសោធន៍ល្អៗ ក្នុងគោលដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យសាសនាឥស្លាម ព្រមទាំងលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា ដើម្បីធានានូវសុខសន្តិភាព ស្ថិរភាព សុវត្ថិភាពទាំងផ្លូវកាយ ផ្លូវចិត្ត សម្រាប់ជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈអ៊ីម៉ាំខេត្ត ក្រុង ស្រុក ហាកឹម តួន និងបងប្អូនសាសនិកឥស្លាម នៅទូទាំងខេត្តកណ្តាល ដែលជានិច្ចកាលតែងតែចូលរួម ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ក្នុងមូលដ្ឋាន និងទូទាំងខេត្ត ដែលជាគំរូល្អសម្រាប់សហគមន៍ដទៃទៀត។ ការចូលរួម របស់បងប្អូនពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការកសាងសង្គមកម្ពុជា ប្រកបដោយសុខសន្តិភាព និងវឌ្ឍនភាព។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា តែងតែខិតខំយកចិត្តទុកដាក់ផ្តល់សេរីភាពលើជំនឿសាសនាដោយពេញលេញ លើកស្ទួយព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋ និងគាំទ្រគាំពារការគោរពប្រតិបត្តិសាសនាឥស្លាម និងសាសនាដទៃ ឆ្ពោះទៅកាន់សុខដុមនីយកម្មសាសនា ដើម្បីការរីកចម្រើនការរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍដោយគ្មានការរើសអើង និងការកេងប្រវ័ញ្ញសាសនា»។
សូមជម្រាបថា រ៉ាម៉ាឌន ជាខែដែលបងប្អូនខ្មែរឥស្លាមបួសឬ ជាខែបួស ឬក៏ជាខែដែលជនមូស្លីម តមមិនបរិភោគ ឬផឹកនៅពេលថ្ងៃ រយៈពេលមួយខែ។ របៀបបួស ឬតមអាហារ គឺត្រូវអនុវត្តតាមស៊ុនណះ (អ្វីដែលមហាំម៉ាត់បានធ្វើ) ពោលគឺការចាប់ផ្ដើមបួស នៅថ្ងៃដំបូងនៃខែរ៉ាម៉ាឌន នោះត្រូវមើលព្រះចន្ទ នៅថ្ងៃមួយកើតនៃខែរ៉ម៉ាឌន។ តែបើមើលមិនឃើញព្រះចន្ទទេ គេត្រូវបំពេញខែសាក់ប៉ាន (ខែទី០៨ នៃមហាំម៉ាត់សករាជ) ឱ្យគ្រប់៣០ថ្ងៃ នោះទើបជនមូស្លីមអាចចាប់ផ្ដើមបួសនៅថ្ងៃមួយកើត ខែរ៉ាម៉ាឌន។ មិនត្រឹមតែការបំពេញកតព្វកិច្ចបួសប៉ុណ្ណោះទេ នាពេលរាត្រីចូលមកដល់សាសនិកអ៉ីស្លាមទាំងបុរស នារី រួសរាន់ប្រជុំគ្នាក្នុងវិហារ តែខណ្ឌចែកដាច់ដោយឡែកមិនឲ្យឃើញគ្នាឡើយ ដើម្បីប្រតិបត្តិសឡាត(ថ្វាយបង្គុំ) «តារ៉វេះ» ដែលមានរយៈពេលច្រើនរ៉ក់អាត់ (ចំនួនដងនៃការថ្វាយបង្គុំ) ដោយនៅវិហារខ្លះ ជាមធ្យមថ្វាយបង្គុំរហូតដល់ជិតភ្លឺ ខ្លះត្រឹមម៉ោងជាង ៩តិចតួចប៉ុណ្ណោះ អាស្រ័យទៅតាមសមត្ថភាព ដោយគ្មានការបង្ខិតបង្ខំឡើយ ពោលគឺពាក្យចាស់ពោលថា ធ្វើបុណ្យច្រើនបានបុណ្យច្រើន។
ខែរ៉ាម៉ាឌន ជាខែដែលសាសនិកអ៉ីស្លាមគ្រប់រូបចាត់ទុកជាខែធ្វើបុណ្យ ហើយរាល់គ្នាស្រលាញ់នូវការធ្វើបុណ្យនេះណាស់ ខណៈដែលពួកគេមានជំនឿយ៉ាងមុតមាំថា គេអាចនឹងចូលសួគា៍របស់អល់ឡោះ ជាម្ចាស់តាមរយៈទ្វារដ៏ស្រស់ស្អាតនៅថ្ងៃបរលោកដែលហៅថា «ទ្វារ៉យ៉ាន»។ ផលបុណ្យដែលបងប្អូនមូស្លីមខិតខំសាងឡើងនេះ គឺស្ថិតក្នុងគោលការណ៍សន្តិភាព ហើយថែមទាំងប្រកបដោយក្ដីស្រលាញ់រវាងគ្នាថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង