ឯកឧត្តម អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ សហប្រធានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ដឹកនាំកិច្ចប្រជុំត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី៧

នៅថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយ ឯកឧត្តមសហប្រធាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី៧ ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃក្រុមការងារ-ត្រីវិស័យ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ និងតំណាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិនិត្យលើវឌ្ឍនភាពការងាររបស់លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ ជាពិសេសដើម្បីពិភាក្សា និងផ្តល់យោបល់ ឈានដល់ការបញ្ចប់ការរៀបចំផែនការ៣ឆ្នាំរំកិល ២០២៥-២០២៧ ដើម្បីស្នើសុំគោលការណ៍ឯកភាពពីឯកឧត្តមរដ្ឋមន្ត្រីទាំងបី នៅក្នុងកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីលើកទី៤ ដែលគ្រោងធ្វើឡើងនៅចុងខែឧសភា ឆ្នាំ២០២៥។
ជាលទ្ធផល ឯកឧត្តមរដ្ឋលេខាធិការើមឋឥបានឱ្យដឹងថា ឆ្លងតាមការពិភាក្សា និងការពិនិត្យយ៉ាងហ្មត់ចត់ កិច្ចប្រជុំបានស្នើរឱ្យលេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កែសម្រួលលើខ្លឹមសារ មាតិកា និងពិនិត្យលើពេលវេលាសម្រាប់អនុវត្តផែនការសកម្មភាព និងថវិកាដែលអាចរកបាន ដែលបានស្នើឡើងក្នុងសេចក្ដីព្រាងផែនការ៣ឆ្នាំរំកិល ហើយក៏បានពិភាក្សាលើកិច្ចការសំខាន់ៗ ដែលលេខាធិការដ្ឋានត្រូវបន្តអនុវត្តន៍មុននឹងឈានដល់កិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីលើកទី៤។
ក្រៅពីនេះ កិច្ចប្រជុំក៏បានពិភាក្សាលើផែនការសកម្មភាពសម្រាប់អនុវត្តក្នុងដំណាក់កាលទី២ ដោយគ្រោងនឹងចុះសិក្សា និងកំណត់ទីតាំងសហគមន៍អាទិភាពសម្រាប់គោលដៅអន្តរាគមន៍៕

អត្ថបទដែលជាប់ទាក់ទង