រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រួមគ្នាកសាងអំពើល្អប្រៀបដូចជាការរក្សាសន្តិភាពកម្ពុជាឱ្យស្ថិតស្ថេរ
ភ្នំពេញ៖ «ឆ្លងកាត់ជីវិតជាកូនកំព្រាឪពុកដោយរបបអាវខ្មៅ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានប្តេជ្ញាការពារសន្តិភាពឱ្យខាងតែបាន ដើម្បីការពារអ្នកជំនាន់ក្រោយ កុំឱ្យព្រាត់និរាសពីមេបាដោយសារសង្គ្រាមទៀត» រៀបរាប់ទាំងអួលដើមកនូវរឿងរ៉ាវជីវិតដ៏កំសត់ជាមួយអ្នកម្តាយជាស្រ្តីម៉េម៉ាយ ដែលខំតស៊ូចិញ្ចឹមបីបាច់កូនទាំង៥ដោយដៃទទេក្រោយរបបអាវខ្មៅដួលរលំ នាឆ្នាំ១៩៧៩។ នៅក្នុងពិធីសម្ពោធឆ្លងកុដិ ពុទ្ធាភិសេក ឆ្លងខ្លោងទ្វារ ផ្លូវបេតុង វច្ចកុដ្ឋ និងសមិទ្ធផលនានានៅវត្តខទិរារាម (ហៅវត្តគគីរ) ដែលស្ថិតនៅក្នុងភូមិ២ ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥។
បើទោះជា ឯកឧត្តមរដ្ឋមន្រ្តីបានឆ្លងកាត់រឿងរ៉ាវជីវិតសោកសៅក្តី តែក្នុងនាមជាអ្នកដែលមានកំណើតនៅស្រុកក្រូចឆ្មា ឯកឧត្តមបណ្ឌិត មិនភ្លេចនាំមកនូវអំពើល្អជូនអ្នកស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលអំពើល្អទាំងនោះហើយគឺជាលាភសំណាងជួយឱ្យចាកផុតពីសេចក្តីអាក្រក់ទាំងឡាយ ប្រៀបដូចជាជីវិតរបស់ឯកឧត្តមរដ្ឋមន្រ្តី បានរួចផុតពីការសំលាប់របស់អង្គការអាវខ្មៅ ដោយសារអំពើល្អ និងការយកអាសាររបស់អ្នកស្រុកដែលបានជួយផ្តល់ទឹក ម្ហូបអាហារ ខណៈឯកឧត្តម និងម្តាយរួមទាំងបងប្អូនទាំង ៥នាក់ រត់គេចពីការដេញចាប់របស់អង្គការភ្នែកម្នាស់ ព្រោះពួកគេចង់សំលាប់ផ្តាច់ពូជគ្រួសារអ្នកចេះដឹង ដោយកាលណោះលោកឪពុករបស់ឯកឧត្តមរដ្ឋមន្រ្តីគឺជាគ្រូបង្រៀន។
ដោយកម្ពុជាមានសន្តិភាព មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបិតាដែលបាននាំមកនូវផ្លែផ្កាសន្តិភាពដល់សង្គមកម្ពុជា និងក្រោមការដឹកនាំដ៏ឆ្លាតវៃ និងគតិ បណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទើបសម្រេច និងបង្កើតបាននូវសមិទ្ធផលជាច្រើន ដោយអាស្រ័យលើការដឹកនាំត្រឹមត្រូវ ការចូលរួមពីគ្រប់ភាគី និងជំនួយពីអន្តរជាតិ ដើម្បីសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជាប្រទេសរីកចម្រើន ប្រកបដោយសន្តិភាព និងវិបុលភាព ៕