សម្ដេច ស ខេង ស្នើឱ្យអាជ្ញាធរ ប្រជាពលរដ្ឋ និងក្មួយៗជាសិស្សានុសិស្ស សូមយកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសាលាបាលី និងសមិទ្ធផលនានាក្នុងវត្តអង្គពាន់ ស្ថិតនៅភូមិត្រស់ ឃុំជៃកំពក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
អញ្ជើញមានប្រសាសន៍ក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារក្រុង ស្រុក ឃុំ សង្កាត់ និងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតី ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អប្រសើរ ធ្វើអោយពិធីសម្ពោធឆ្លងសាលាបាលី សាលាបុណ្យ កុដិ និងសមិទ្ធផលនានា នៅវត្តព្រះអង្គពាន់ប្រព្រឹត្តិទៅប្រកបដោយបរិយាកាសអធិក អធម សាមគ្គីភាព និងសប្បាយរីករាយ។
សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមាន ឯកឧត្តម ហ៊ី បាវី ជាប្រធាន និងលោកជំទាវ សាយ សុផា ព្រមទាំងបងប្អូនសប្បុរសជន ដែលបានបរិច្ចាគនូវធនធានជាថវិកាសម្ភារៈយ៉ាងច្រើន និងលះបង់កម្លាំងកាយចិត្ត បញ្ញាស្មារតី ក្នុងការចូលរួមលើកស្ទួយវិស័យពុទ្ធសាសនា និងវិស័យផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍមូលដ្ឋានស្រុកព្រះស្តេច ខេត្តព្រៃវែងយើងនេះ។
សម្តេចមានប្រសាសន៍បន្តថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានប្រជាជនភាគច្រើនបានដើរតាមមាគ៌របស់ព្រះពុទ្ធ ហើយសាសនាព្រះពុទ្ធបានផ្ដល់ជំនឿយ៉ាងមុតមាំដល់ពុទ្ធសាសនិកផងដែរ។ តាមរយៈវត្តអារាម ដែលជាកន្លែងជួយទ្រទ្រង់នូវធម៌របស់ព្រះពុទ្ធដែលបានជួយអប់រំ និងកសាងសហគមន៍ តាំងពីអតីតកាលរហូតមកដល់នាពេលបច្ចុប្បន្ន ម្ល៉ោះហើយទើបរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដោយបានឃើញពីតម្លៃយ៉ាងសំខាន់របស់ពុទ្ធសាសនាបែបនេះ ទើបមានមតិមួយបានពោលថា “វត្តអារាមពុទ្ធសាសនាមានតួនាទីសំខាន់ចំពោះសង្គមខ្មែរ”។ រាជរដ្ឋាភិបាលបានពង្រឹងសុខដុមនីយកម្ម រវាងសាសនិក នៃគ្រប់សាសនា ប្រឆាំងការរើសអើង ប្រឆាំងការបែងចែកបក្ខពួកក្នុងចំណោមប្រជាពលរដ្ឋដែលកាន់ សាសនាខុសគ្នា សំដៅប្រែក្លាយសក្តានុពល នៃសាសនាទាំងអស់ អោយក្លាយជា កម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងពង្រឹងសន្តិភាព សាមគ្គីភាព ថែរក្សាប្រពៃណីជាតិ អប់រំទូន្មានមនុស្ស លើកតម្កើងសីលធម៌ និងរាំងស្កាត់ការយកសាសនា ទៅធ្វើអាជីវកម្ម។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ សម្តេចបានផ្តល់អនុសាសន៍ មួយចំនួន៖ អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាពរបស់ ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាបន្តទៀត។ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវជំរុញការផ្សព្វផ្សាយអប់រំលើកកម្ពស់ការអនុវត្តច្បាប់អោយបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតអប្បបរិមា។ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើក កម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានានៅមូលដ្ឋាន ពិសេសសកម្មភាពជួញដូរចែកចាយ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុង គ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។ ទន្ទឹមនេះ អាជ្ញាធរ ពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការសកម្មភាពអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួន ដូចជាការផ្តល់សេវាសាធារណៈ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ការលើកកម្ពស់ សោភ័ណ្ឌភាព អនាម័យ បរិស្ថាន និងជំងឺឆ្លងរាតត្បាតនានានៅតាមមូលដ្ឋាននីមួយៗ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវបង្កើនការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹង និងបង្កើនការប្រុងប្រយ័ត្នក្នុងការបង្ការទប់ស្កាត់អគ្គិភ័យតាមគ្រប់រូបភាព។ ជាមួយគ្នានេះដែរ អាជ្ញាធរមានសមត្ថកិច្ចក៏ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យប្រព័ន្ធ ការពារអគ្គិភ័យ នៅតាមអគារសំណង់នានាឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស កំណត់ ព្រមទាំងបង្កើនការបំផុសអប់រំប្រជាជនឲ្យចូលរួមការពារ និងប្រុងប្រយ័ត្នកុំឲ្យគ្រោះអគ្គិភ័យកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន។ ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះជួយមូលដ្ឋានទាំងអស់ត្រូវបង្កើននូវការសហការជាមួយអាជ្ញាធរមូលដ្ឋាន ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ដោយអនុវត្តអោយ បានតាមទិសស្លោក “ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព”។ ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍ យ៉ាងច្រើនសម្រាប់មនុស្សយើង ក្តីបារម្ភ ក៏លេចឡើងមកជាមួយគ្នាដែរនៅពេលបច្ចុប្បន្ននេះ។ ជាក់ស្តែងយើងឃើញមានរូបភាព នៃអំពើឆបោកតាមអនប្រព័ន្ធ អនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំង ការកើនឡើងនៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានស្នើឱ្យអាជ្ញាធរ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងនោះមានទាំងក្មួយៗជាសិស្សានុសិស្សដែរ សូមយកចិត្តទុកដាក់ ចូលរួមបង្ការ ទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ចៀសវាងការខាតបង់ ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជន តាមអនឡាញ ៕

អត្ថបទដែលជាប់ទាក់ទង