ទាញស្ត្រីម្នាក់នៅរស់ ដែលជាប់ក្រោមគំនរអគារបាក់រលំ អស់រយៈពេលប្រហែល៣០ម៉ោង
ក្រុងម៉ាន់ដាឡៃ ៖ នាល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥នេះ ក្រុមអ្នកជួយសង្គ្រោះបានទាញស្ត្រីម្នាក់នៅរស់ ចេញពីក្រោមគំនរអគារផ្ទះល្វែងដែលបាក់រលំក្នុងទីក្រុងម៉ាន់ដាឡៃ បន្ទាប់ពីគ្រោះរញ្ជួយដីបានវាយប្រហារ ប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមសារព័ត៌មាន AFP ។
អ្នកស្រី Phyu Lay Khaing អាយុ៣០ឆ្នាំ ដែលជាប់ក្រោមគំនរអគារបាក់រលំ អស់រយៈពេលប្រហែល៣០ម៉ោង ត្រូវបានក្រុមជួយសង្គ្រោះនាំចេញពីអគារ Sky Villa Condominium ហើយដឹកតាមរទេះរុញទៅឱ្យប្តីរបស់អ្នកស្រី ទើបបន្តបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ ។
មុនបញ្ជូនទៅមន្ទីរពេទ្យ លោក Ye Aung បានឱបថើបប្រពន្ធ ហើយប្រាប់ភ្នាក់ងារ AFP ថា «ដំបូងឡើយ ខ្ញុំមិនបានគិតថា នាងនឹងមានជីវិតឡើយ» ខណៈរូបលោករង់ចាំប្រពន្ធយ៉ាងអន្ទះសារ ក្រោយពីដឹងថា នាងកប់ក្នុងគំនរបាក់បែក ។
លោក Ye Aung បន្តថា «ប៉ុន្តែនៅពេលនេះ ខ្ញុំសប្បាយចិត្តណាស់ ដែលបានឮដំណឹងល្អ» ។ ប្តីប្រពន្ធមួយគូនេះ មានកូនប្រុសពីរនាក់ គឺ William អាយុ ៨ឆ្នាំ និង Ethan អាយុ ៥ឆ្នាំ ។
ក្រុមអ្នកជួយសង្គ្រោះម្នាក់ បានប្រាប់ AFP ថា មនុស្សជាង៩០នាក់ អាចជាប់នៅក្រោមគំនរ នៃប្លុកអគារផ្ទះល្វែងមួយនេះ ដែលបាក់រលំក្នុងទីក្រុងក្រុងម៉ាន់ដាឡៃ ប្រទេសមីយ៉ាន់ម៉ា ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង១៣និង២០នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានបាតុភូតរញ្ជួយដីកើតឡើង ស្ថិតនៅចម្ងាយ ១៦គីឡូម៉ែត្រ ភាគពាយ័ព្យ នៃទីក្រុងសាឃ្លាំង (Sagaing) នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។ ការរញ្ជួយនេះ បានកើតឡើងនៅក្នុងស្រទាប់ស្នូលផែនដី ជម្រៅប្រមាណ ១០គីឡូម៉ែត្រ និងមានឥទ្ធិពលមកស្រទាប់ខាងលើ នៃផែនដីក្នុងកម្រិតរញ្ជួយ ៧,៧ រិចទ័រ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ប្រទេសមួយចំនួន រួមមាន ៖ ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស ឥណ្ឌា ឡាវ ថៃ វៀតណាម និងប្រទេសចិន ៕