ចូលរួមរំលែកទុក្ខ! បណ្ឌិតសភាចារ្យ ព្រំ ម៉ល់ អតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ទទួលមរណភាព ក្នុងជន្មាយុ ៩២ឆ្នាំ
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ សមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា និងជាអតីតប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បានទទួលមរណភាព កាលពីយប់ ថ្ងៃទី២៩ មីនា ដោយរោគាពាធ ក្នុងជន្មាយុ ៩២ឆ្នាំ។ នេះបើតាមដំណឹងមរណភាពរបស់រាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ ជាអ្នកជំនាញអក្សរសាស្រ្តខ្មែរ និងបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកភាសាវិទ្យានៅប្រទេសបារាំង។ លោកបណ្ឌិត ក៏ជាបញ្ញវន្តមួយរូប ដែលរួមចំណែករៀបចំវចនានុក្រមខ្មែរ ដែលប្រើប្រាស់នាពេលបច្ចុប្បន្នផងដែរ។
មរណភាពរបស់លោកបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ ត្រូវបានរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកជាការបាត់បង់នូវបញ្ញវន្តជំនាញអក្សរសាស្រ្តជាតិដ៏ឧត្តុង្គឧត្តម ដែលជាធនធានមនុស្សដ៏កម្រមួយរូបរបស់ប្រជាជាតិកម្ពុជាទាំងមូល។
សូមបញ្ជាក់ថា សពរបស់លោកបណ្ឌិតសភាចារ្យ ព្រំ ម៉ល់ តម្កល់ទុករៀបចំនៅគេហដ្ឋាននាភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ៕