លោក ម៉ាក្រុង បង្ហាញនូវគំនិតផ្តួចផ្តើម ដើម្បីគាំទ្រដល់អ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប៉ារីស
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានបង្ហាញនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីគាំទ្រដល់ប្រទេសអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំកំពូលក្នុងទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ចំពេលមានភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើងលើការបន្តជំនួយរបស់សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំកំពូលលោក ម៉ាក្រុង បានប្រកាសពីផែនការរួមរបស់បារាំង-អង់គ្លេស ដើម្បីបញ្ជូនក្រុមមួយទៅអ៊ុយក្រែន ដើម្បីជួយរៀបចំរចនាសម្ព័ន្ធនាពេលអនាគតរបស់កងទ័ពអ៊ុយក្រែន។ លោកថា លោក និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នឹងរួមគ្នាដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលនៃសម្ព័ន្ធមិត្តអន្តរជាតិរបស់អ៊ុយក្រែន។
លោកក៏បានលើកឡើងពីគំនិតនៃការដាក់ពង្រាយ “កងកម្លាំង” ពីប្រទេសសមាជិកសហភាពអឺរ៉ុប ដែលមានឆន្ទៈមួយចំនួនទៅកាន់ទីតាំងយុទ្ធសាស្ត្រក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពមួយត្រូវបានឈានដល់ជាមួយរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ លោក ម៉ាក្រុង បានទទួលស្គាល់ថា “មិនមានការឯកភាពគ្នាលើចំណុចនេះទេ”។
លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តការគាំទ្ររបស់អាមេរិក សម្រាប់ការដាក់ពង្រាយនៅអឺរ៉ុប ដែលមានសក្តានុពលណាមួយ ប៉ុន្តែបានឲ្យដឹងថា អឺរ៉ុបត្រូវតែរៀបចំសម្រាប់សេណារីយ៉ូដែលសហរដ្ឋអាមេរិកលែងពាក់ព័ន្ធ។
បន្ទាប់ពីកិច្ចប្រជុំកំពូល នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានបង្ហើបថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey នឹងធ្វើជាប្រធានកិច្ចប្រជុំក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន បន្ទាប់នៅថ្ងៃទី១១ ខែមេសា ដែលកិច្ចខិតខំប្រឹងប្រែងនឹងផ្តោតលើការសម្របសម្រួលជំនួយយោធាបន្ថែម ដើម្បីគាំទ្រដល់វិស័យការពារជាតិអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យដឹងថា ទីក្រុងមូស្គូ “ប្រឆាំងដាច់ខាត” ចំពោះការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពលោកខាងលិចនៅក្នុងអ៊ុយក្រែន។ លោកស្រីបានលើកឡើងថា សេណារីយ៉ូបែបនេះអាចនាំឱ្យមានការប៉ះទង្គិចគ្នាដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ ដោយបន្ថែមថាទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស កំពុងបង្កើតផែនការ សម្រាប់ “អន្តរាគមន៍យោធានៅអ៊ុយក្រែន” ក្រោមការដឹកនាំនៃប្រតិបត្តិការរក្សាសន្តិភាព។