អន្តរជាតិប្រញាប់ប្រញាល់ បញ្ជូនជំនួយទៅមីយ៉ាន់ម៉ា ដែលរងគ្រោះដោយសាររញ្ជួយដី

(បាងកក)៖ បណ្ដាប្រទេសជិតខាងរបស់មីយ៉ាន់ម៉ា បានបញ្ជូននាវាចម្បាំង និងយន្ដហោះមានផ្ទុកទៅដោយជំនួយ និងក្រុមអ្នកជួយសង្រ្គោះ នៅថ្ងៃអាទិត្យ ទី៣០ ខែមីនា ខណៈការសន្យាផ្ដល់ជំនួយអន្តរជាតិ មានការកើនឡើង ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារលើប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះដែលកំពុងមានសង្រ្គាមស៊ីវិលស្រាប់ផងនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៦៤៤នាក់បានស្លាប់ និង៣៤០០នាក់បានរងរបួស ក្រោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.៧រ៉ិចទ័រ វាយប្រហារលើភាគពាយព្យនៃទីក្រុង Sagaing នៅភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ហើយក៏បង្កផលប៉ះពាល់ដល់ប្រទេសក្បែរខាងដូចជាថៃផងដែរ។ «គ្រប់មន្ទីរពេទ្យយោធា និងស៊ីវិលទាំងអស់ រួមទាំងបុគ្គលិកសុខាភិបាល ត្រូវតែធ្វើការងាររួមគ្នាក្រោមការសម្របសម្រួលមួយប្រកបដោយប្រសិទ្ធភាព ដើម្បីធានាឱ្យបាននូវការឆ្លើយតបខាងវេជ្ជសាស្ត្រឱ្យមានប្រសិទ្ធភាព»។ នេះជាការគូសបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing ត្រូវបានដកស្រង់សម្ដីដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា។
ប្រទេសឥណ្ឌា ចិន និងថៃ ស្ថិតនៅក្នុងចំណោមប្រទេសដែលបានបញ្ជូនជំនួយជាសម្ភារៈ និងក្រុមអ្នកជួយសង្រ្គោះទៅកាន់មីយ៉ាន់ម៉ា រួមជាមួយជំនួយ និងក្រុមអ្នកជួយសង្រ្គោះមកពីប្រទេសផ្សេងទៀតដូចជា ម៉ាឡេស៊ី សិង្ហបុរី និងរុស្ស៉ី ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានសន្យាផ្ដល់ជំនួយសម្រាប់មីយ៉ាន់ម៉ាផងដែរ។
គួរបញ្ជាក់ថា ទីភ្នាក់ងារភូមិវិទ្យាអាមេរិក USGS បានព្យាករថាចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា អាចនឹងកើនដល់ ១០ ០០០នាក់ រីឯការខាតបង់វិញអាចលើសពីទិន្នផលសេដ្ឋកិច្ចប្រចាំឆ្នាំ ឬ GDP របស់មីយ៉ាន់ម៉ា៕

អត្ថបទដែលជាប់ទាក់ទង