សម្តេច ម៉ែន សំអន ៖ សម្ពោធសមិទ្ធិផលនៅវត្តឬស្សីជុកជើង តម្លៃជាង ១៨ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង
ភ្នំពេញ៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលបានសាងសង់អស់តម្លៃជាង១៨ម៉ឺនដុល្លារ នៃបរិវេណវត្តឬស្សីជុកជើង ស្ថិតក្នុងភូមិឬស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ស្របពេលវិស័យអាណាចក្រ និងវិស័យពុទ្ធចក្របាននឹងកំពុងតែបោះជំហានព្រមគ្នា និងមានការរីកចម្រើនលើកគ្រប់វិស័យ ទើបធ្វើឲ្យប្រជាពលរដ្ឋដែលកាន់នូវព្រះពុទ្ធសាសនា អាចមានលទ្ធភាព មានធនធានក្នុងការចូលរួមជាចាប់មគ្គផលដោយទឹកចិត្ត និងសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនានាក្នុងវត្តឬស្សីជុកជើង រួមមាន៖ របងវត្ត ខ្លោងទ្វារ អណ្តូងទឹក ឈាបនដ្ឋាន អាស្រម សាលាបង្សុកុល និងចាក់សាប ។ល។ តាមរយៈសមិទ្ធិផលទាំងនេះ អាចកសាងទៅបាន គឺសបញ្ជាក់ឲ្យឃើញពីការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង ដែលអនុញ្ញាត្តិឲ្យ ប្រជាពលរដ្ឋមកជួបជុំ ប្រារព្ធពិធីសាសនាតាមបំណងប្រាថ្នា កសាងនូវបុណ្យកុសលរៀងៗខ្លួន ក្រោមម្លប់នៃសុខសន្តិភាព។
សម្តេចកិត្តិសង្គហបណ្ឌិត បានសម្ដែងនូវមនោសញ្ចេតនាភាតរភាពបំផុតប្រគេនចំពោះគ្រូវិន័យបញ្ញាណ ធី រ៉ាវីន ព្រះចៅអធិការវត្តឬស្សីជុកជើង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកពារាំង ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈ អភិបាលខេត្តព្រៃវែង ឯកឧត្តម យូ សេរីវុឌ្ឍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរកា លោកជំទាវ ពិ វណ្ណារី រួមជាមួយ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់ លោក លោកស្រី រួបរួមសហការគ្នាយ៉ាងល្អសម្រេចបាននូវសមិទ្ធផលដ៏ថ្លៃថ្លាសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា ៕