អភិបាលខេត្តកំពង់ចាម ៖ រាជរដ្ឋាភិបាលបានផ្តល់ការស្ថាបនាស្ពានបេតុងស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្ស

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការស្ថាបនាស្ពានបេតុងមួយខ្សែប្រវែង ៨៤ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វេីដំណើររបស់សិស្សានុសិស្ស នៅតំបន់ស្ទឹងឆ្វេង ឱ្យមានសុវត្ថិភាព ក្នុងរដូវទឹកឡើង ការថ្លែងបែបនេះក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានបេតុងស្ទឹងឆ្វេង នៅចំណុចព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម លឹម ស៊ី ដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីមានការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការកសាងស្ពានឈើមួយកន្លែងនៅតំបន់ស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស នារដូវទឹកឡើង ពោលគឺតាមរយៈការស្នើសុំរបស់អាជ្ញាធរខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានសម្រេចផ្តល់ការស្ថាបនាជាស្ពានបេតុងតែម្តង ដើម្បីសម្រួលដល់ ការធ្វើដំណើរបានយូរអង្វែង និងសុវត្ថិភាពទៀតផង ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេងនេះ គឺជាស្ពានបេតុង សរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្នុងនោះក៏មានការស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រសងខាង ដែលគ្រោងប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា រួមនិងឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានថ្លែងអំណរគុណចំពោះបងប្អូន ប្រជាពលរដ្ឋ ដែលបានបរិច្ចាគដីរបស់ខ្លួននៅចំណុចក្បាលស្ពានទាំងសងខាង សម្រាប់កសាង ស្ពាន និងផ្លូវធ្វើដំណើរនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង