អភិបាលខេត្តតាកែវ ៖ ម្លប់នៃសន្តិភាព ផ្តល់ឱកាសវិនិយោគិនមកវិនិយោគខេត្តកាន់តែច្រើន

ភ្នំពេញ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានថ្លែងថា ក្រោមម្លប់នៃសន្តិភាព ពិតជាបានផ្តល់ឱកាសដល់អ្នកវិនិយោគិន មកបណ្តាក់ទុកវិនិយោគនៅលើទឹកដីខេត្តតាកែវ កាន់តែច្រើន ហើយក៏ផ្តល់ឱកាសការងារទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសតាមយៈលំហូរវិនិយោគនេះ ធ្វើឱ្យសេដ្ឋកិច្ចរបស់ខេត្តកាន់តែរីកចម្រើនឡើងថែមទៀត។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីស្រោចស្រព្វសុគន្ធាវារី និងសម្ពោធសមិទ្ធផលនានាក្នុងវត្តព្រៃវែង ដែលស្ថិតនៅស្រុកគិរីវង់ នាថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ខេត្តតាកែវកំពុងទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ ដោយសារស្ថិរភាពសន្តិសុខ និងសក្តានុពលសេដ្ឋកិច្ចដ៏រឹងមាំ។ កំណើនវិនិយោគនេះ បាននាំមកនូវផលប្រយោជន៍យ៉ាងច្រើនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដូចជាការបណ្តាក់ទុនវិនិយោគថ្មីៗបានបង្កើតឱកាសការងារជាច្រើនសម្រាប់ពលរដ្ឋ ធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនពុកម៉ែ ក៏ដូចជាប្រជាជនខេត្តតាកែវទាំងមូល តាមរយៈការបង្កើនប្រាក់ចំណូល និងកំណើនការងារកាន់តែច្រើនកន្លែង។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមនឹងខិតខំគៀងគរអ្នកវិនិយោគិនធ្វើយ៉ាងណាឱ្យរោងចក្រ សហគ្រាស មានវត្តមាននៅក្បែរនឹងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលចេញចូលមកធ្វើការ មិនឆ្ងាយពីផ្ទះ ហើយក៏មិនចំណាកស្រុកទៅធ្វើការនៅឆ្ងាយពីផ្ទះផងដែរ។
ឯកឧត្តម វ៉ី សំណាង បានគូសបញ្ជាក់ថា កត្តាដែលជំរុញកំណើនវិនិយោគិនមកបណ្តាក់ទុកវិនិយោគនៅខេត្តតាកែវនេះ គឺដោយសារស្ថិរភាពនយោបាយ និងសន្តិសុខល្អ សក្តានុពលសេដ្ឋកិច្ចខ្ពស់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ ហើយអ្នកតាកែវយើងជាមនុស្សដែលមានភាពឧស្សាហ៍ព្យាយាម រួសរាយរាក់ទាក់ និងមានសណ្តានចិត្តល្អថែមទៀត ដូច្នោះហើយបានជាទាក់ទាញចិត្តអ្នកវិនិយោគបាន។
បើតាមការបញ្ជាក់ពី ឯកឧត្តម វ៉ី សំណាង, កំណើនវិនិយោគនៅខេត្តតាកែវ គឺជាសញ្ញាវិជ្ជមាននៃភាពរីកចម្រើនរបស់ខេត្ត និងជាឱកាសដ៏ល្អសម្រាប់បងប្អូនកូនក្មួយដែលរស់នៅក្នុងខេត្តតាកែវ ទទួលបានជីវភាពកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង