សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះព្រះមហាក្សត្រព្រុយណេ ដារូស្សាឡាម ដែលបានថ្វាយព្រះរាជសារលិខិតរំលែកទុក្ខចំពោះមរណភាពឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាលិខិតថ្លែងអំណរគុណជូនចំពោះព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគឺយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍
ព្រះមហាក្សត្រ ព្រុយណេ ដារូស្សាឡាម ដែលបានថ្វាយព្រះរាជសារលិខិតចូលរួមរំលែកទុក្ខចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសរបស់សម្តេច។
នៅក្នុងសាលិខិតរបស់សម្តេចតេជោ ហ៊ុន សែន មានខ្លឹមសារដូចនេះថា «ទូលបង្គំ មានសេចក្តីសោមនស្សរីករាយក្រៃលែង និងកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលបានទទួលព្រះរាជសារលិខិតចូលរួមរំលែកទុក្ខអស់ពីដួងហឫទ័យរបស់ព្រះអង្គ ចំពោះមរណភាពរបស់ ឯកឧត្តម អ្នកឧកញ្ញា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបងប្រុសបង្កើតជាទីគោរពស្រឡាញ់បំផុតរបស់ទូល បង្គំ»។
តាងនាមក្រុមគ្រួសារបងប្រុស ទូលបង្គំ សូមថ្លែងអំណរព្រះគុណដ៏ស្មោះស្ម័គ្រ ចំពោះមនោសញ្ចេតនាជាពិសេស និងសេចក្តីអាណិតអាសូរដ៏ជ្រាលជ្រៅរបស់ ព្រះអង្គ ចំពោះទូលបង្គំ និងក្រុមគ្រួសារ ក្នុងគ្រា កាន់ទុក្ខដ៏លំបាកនាពេលនេះ ដែលជាសារពោរពេញដោយអត្ថន័យជ្រាលជ្រៅ និងស្ថិតក្នុងការចងចាំ របស់ទូលបង្គំយើងខ្ញុំជានិច្ច។ សូមព្រះអង្គ ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីទូលបង្គំ៕