កម្ពុជា សូមសម្តែងនូវការអាណិតអាសូរដោយស្មោះ និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត និងសាមគ្គីភាពក្នុងការឆ្លើយតបរបស់អាស៊ានទៅនឹងគ្រោះរញ្ជួយដី

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំបន្ទាន់ពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្រោយគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា និងថៃ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានពាំនាំការបួងសួង និងចូលរួមរំលែកទុក្ខដោយស្មោះរបស់កម្ពុជា ជូនចំពោះរដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា និងថៃ ចំពោះសោកនាដកម្មបាត់បង់ជីវិតប្រជាជន និងការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ដែលបណ្តាលមកពីគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះគ្រួសារដែលរងផលប៉ះពាល់ទាំងអស់ និងអរគុណចំពោះរដ្ឋាភិបាល ថៃ និងមីយ៉ាន់ម៉ា សម្រាប់ការគាំទ្រដែលផ្តល់ដល់ប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះនៅក្នុងគ្រោះមហន្តរាយនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មីអំពីសាមគ្គីភាពដ៏រឹងមាំរបស់កម្ពុជាជាមួយគ្រួសារអាស៊ាន និងបានប្រកាសផ្តល់ជំនួយសង្គ្រោះបន្ទាន់ដំបូងចំនួន ១០០.០០០ដុល្លារអាមេរិក ដល់ប្រទេសមីយ៉ាន់ម៉ា រួមជាមួយនឹងការប្តេជ្ញាចិត្តក្នុងការស្វែងរកការរួមចំណែកបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះក្នុងតំបន់ស្របតាមតម្រូវការនៅមូលដ្ឋាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះភាពសកម្មនៃយន្តការឆ្លើយតបគ្រោះមហន្តរាយអាស៊ាន និងការគាំទ្រពីអន្តរជាតិ ព្រមទាំងបានអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីផ្តោតលើសន្តិភាព និងធានាថាជំនួយមនុស្សធម៌បន្ទាន់នឹងបានទៅដល់ដៃអ្នកដែលត្រូវការ។
កម្ពុជានៅតែប្រកាន់ខ្ជាប់ក្នុងការគាំទ្រការឆ្លើយតបរួមរបស់អាស៊ានក្រោមការដឹកនាំរបស់ម៉ាឡេស៊ីក្នុងអំឡុងពេលដ៏លំបាកនេះ ៕

អត្ថបទដែលជាប់ទាក់ទង