ពលរដ្ឋជិត២រយគ្រួសារ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានវិបត្តិដីធ្លី ស្នើសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី

មណ្ឌលគិរី ៖ ពលរដ្ឋជិត២រយគ្រួសារ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមានវិបត្តិដីធ្លី កាលពីល្ងាចថ្ងៃទី ៣០ មីនា ឆ្នំា២០២៥នេះ បានជួបប្រជុំគ្នាដើម្បីដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាល ។ ការស្នើសុំបន្ទាប់ពីក្រសួង រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានឯកភាពឱ្យមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន៣៤ ក្បាលដី ទំហំ ៣៤៥,៤២ ហិកតា ទៅឲ្យបុគ្គលឈ្មោះ ឈាង ប៉ាក់សួរ រស់នៅភ្នំពេញ ដែលធ្វើឲ្យប៉ះពាល់ដល់ដីធ្លីរបស់ពួកគាត់កំពុងរស់នៅ និងអាស្រ័យផល ។
ក្រុមប្រជាពលរដ្ឋដែលអះអាងថា ដីធ្លីរបស់ពួកគាត់សុទ្ធតែមានប្រភពពីការទិញ-លក់ ពីបងប្អូនជនជាតិដើមភាគតិច និងទិញលក់តៗគ្នា ហើយបានមករស់នៅ និងអាស្រ័យផលជាយូរឆ្នាំមកហើយនោះបានលើកឡើងថា កន្លងទៅពួកគាត់បានដឹងខ្លះៗដែរថា អំឡុងឯកឧត្តម ស្វាយ សំអ៊ាង ជាអភិបាលខេត្ត មានជនខិលខូចឈ្មោះ សាន សូត្រ ដោយគប់គិតគ្នាជាមួយស្ថាប័នជំនាញ និងអាជ្ញាធរ បានលួចចុះបញ្ជីក្បាលដី និងលិខិតស្នាមផ្សេងៗ នៅលើដីដែលពួកគាត់កំពុងរស់នៅ និងអាស្រ័យផលយកទៅលក់ឲ្យឈ្មោះ ឈាង ប៉ាក់សួរ ដែលបង្កជារឿងរ៉ាវ ។
ដោយសារតែបញ្ហា គ្រានោះ ឯកឧត្តម ខូយ ឃុនហ៊ួរ នៃទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានចេញលិខិតលេខ ៣៨ សជណ .កធ ចុះថ្ងៃទី ២១ មករា ឆ្នាំ ២០២១ ដោយរាករណ៍ចោលទាំងអស់រាល់លិខិតស្នាមផ្សេងៗដែលចេញដោយអាជ្ញាធរ ហើយថែមទាំងបានជំរុញឲ្យមានចំណាត់ការផ្លូវច្បាប់ ទៅលើការចេញវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុមិនប្រក្រតី ការបំប្លែងដីរដ្ឋ នៅលើកដីស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងកសិកម្ម និងនេសាទ នេះទៀតផង ។
ជាមួយគ្នាដោយយល់ពីភាពចាំបាច់ខាងជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក៏បានចេញអនុក្រឹត្យលេខ ១៩៤ អនក្រ.បក ចុះថ្ងៃទី ៤ តុលា ឆ្នាំ២០២១ ដោយកាត់ឆ្វៀលធ្វើប្រទានកម្មជាកម្មសិទ្ធិជូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងទៀតផង ។
លើសពីនេះគឺអំឡុងខែ កញ្ញា ឆ្នាំ ២០២៣ ក្រុមការងាររបស់ខេត្តមណ្ឌលគិរី ក៏បានចុះទៅវាស់វែងចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋផងដែរ ដែលវាជារឿងដ៏គួឲ្យកក់ក្ដៅបំផុត ។
ក្នុងស្ថានភាពបែបនេះពលរដ្ឋបានលើកឡើងថា បើលិខិត ស្នាមនានាចេញដោយអាជ្ញាធរ និងស្ថាប័នជំនាញខេត្ត អំឡុងគ្រប់គ្រងដោយឯកឧត្តម ស្វាយ សំអ៊ាង ដែលជាយលសប្តិអាក្រក់សម្រាប់ដីធ្លីរបស់ពួកគាត់ត្រូវបានគណៈរដ្ឋមន្ត្រី ញីបោះចូលក្នុងធុងសំរាមអស់ហើយ ហើយសម្ដេចអគ្គសេនា បតី អតីតនាយករដ្ឋមន្ត្រី កាត់ឆ្វៀលធ្វើសម្បទានកម្មជូនពលរដ្ឋ ថែមទាំងក្រុមជំនាញខេត្ត ចុះវាស់វែងកំណត់ក្បាលដីឲ្យពលរដ្ឋទៀតនោះ ហេតុអ្វីក៏ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២៧ ធ្នូ ឆ្នាំ ២០២៤ បែរជាចេញលិខិតយល់ព្រមឲ្យមន្ទីររៀបចំដែនដី សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី ចេញវិញ្ញាណបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទៅឱ្យឈ្មោះ ឈាង ប៉ាក់សួរ ?
តែយ៉ាងណាក្ដីក្រុមប្រជាពលរដ្ឋគ្រាន់តែចង់ស្នើសុំដោយសេចក្ដីគោរពទៅកាន់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់ក្រុមការងារមកពិនិត្យស្ថានភាពជាក់ក់ស្ដែង និងពិចារណាចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពួកគាត់ គ្រាន់ជាសំអាងដើម្បីបញ្ចៀសកុំឲ្យឈ្មោះ ឈាង ប៉ាក់សួរ មករំខានការរស់នៅ និងអាស្រ័យផលរបស់ពួកគាត់បន្តទៀតប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង