នាយករដ្ឋមន្រ្តីថៃ ៖ អំពាវនាវកុំឱ្យប្រជាជនភ័យស្លន់ស្លោ ក្រោយគ្រោះរញ្ជួយដី
(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ បានចេញមុខអំពាវនាវឱ្យសាធារណជន កុំមានការភ័យព្រួយស្លន់ស្លោ អំពីគ្រោះរញ្ជួយដី បន្ទាប់ពីនៅព្រឹកថ្ងៃចន្ទនេះ មានការជម្លៀសមនុស្សទ្រង់ទ្រាយធំ ចេញពីអគារមួយចំនួន នៅទីក្រុងបាងកក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation Thailand។
ក្នុងសារបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម លោកស្រី បានបញ្ជាក់ថា ពុំមានគ្រោះរញ្ជួយដីនៅប្រទេសថៃឡើយ ហើយរំញ័រតូចៗ ហៅថា រំញ័រ aftershock មកពីមីយ៉ាន់ម៉ា ក៏គ្មានការប៉ះពាល់លើប្រទេសថៃ នោះដែរ។ លោកស្រី ផែថងថាន បានបកស្រាយថា ស្នាមប្រេះដែលនាំឱ្យម្ចាស់អគារមួយចំនួន សម្រេចចិត្តជម្លៀសមនុស្ស កាលពីព្រឹកថ្ងៃចន្ទនេះ គឺឥឡូវត្រូវបានរាយការណ៍ថា ជាស្នាមប្រេះ ដែលកើតមានតាំងពីថ្ងៃសុក្រសប្តាហ៍មុន ពោលគឺអំឡុងពេលរញ្ជួយដីកម្រិត៧.៧រ៉ិចទ័រ នៅមីយ៉ាន់ម៉ា ដែលបានជះឥទ្ធិពលរំញ័រខ្លាំង ដល់ប្រទេសថៃ រួមទាំងនៅទីក្រុងបាងកក។
លោកស្រីនាយករដ្ឋមន្រ្តី បានបន្តថា ម្ចាស់អគារទាំងអស់ គួរតែអនុវត្តតាមបទបញ្ជារបស់អភិបាលក្រុងបាងកក ដែលឱ្យពិនិត្យមើលចលនទ្រព្យរបស់ពួកគេ ដើម្បីកំណត់ឱ្យជាក់ច្បាស់ ចំពោះស្នាមប្រេះនានា ថាតើពួកវាគឺជាស្នាមប្រេះថ្មី ឬចាស់ ហើយបានលេចឡើង តាំងពីពេលណា។ លោកស្រី ផែថងថាន បានអំពាវនាវឱ្យម្ចាស់អគារ ធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់ មុនពេលបើកដំណើរការឡើងវិញ ដើម្បីធានាសុវត្ថិភាពបុគ្គលិក និងអ្នកស្នាក់នៅ។
គួរបញ្ជាក់ថា កាលពីខ្ទង់ម៉ោងប្រមាណជា១០ព្រឹកថ្ងៃចន្ទនេះ អគារមួយចំនួននៅរាជធានីបាងកកនៃប្រទេសថៃ ភាគច្រើនគឺអគាររដ្ឋាភិបាល ត្រូវបានជម្លៀសមនុស្សចេញ ខណៈមានការរាយការណ៍អំពីរំញ័រ រួមជាមួយស្នាមប្រេះលេចឡើង នៅតាមអគារទាំងនោះ។ ការជម្លៀសទាំងនេះ គឺបន្ទាប់ពីប្រទេសថៃ បានទទួលរងឥទ្ធិពលខ្លាំងគួរសម នៃគ្រោះរញ្ជួយដី កម្រិត៧.៧រ៉ិចទ័រ នៅឯប្រទេសមីយ៉ាន់ម៉ា កាលពីសប្តាហ៍មុន។
នៅទីក្រុងបាងកក អគារមួយខ្នងកម្ពស់៣០ជាន់ ដែលកំពុងសាងសង់ សម្រាប់បម្រើជាការិយាល័យសវនកម្មរបស់រដ្ឋាភិបាល បានដួលរលំ នៅសង្កាត់ Chatuchak ហើយផ្តាច់ជីវិតកម្មករយ៉ាងហោច១០នាក់ ខណៈប្រហែល៨០នាក់ទៀត នៅបន្តបាត់ខ្លួន។ ក្រៅពីនេះ ក៏មានមនុស្ស៧នាក់ទៀត បាត់បង់ជីវិត នៅកន្លែងផ្សេងទៀត ក្នុងទីក្រុងបាងកកផងដែរ ភាគច្រើននៅតាមការដ្ឋានសាងសង់។ ក្រោយរញ្ជួយដីនោះ មានសេចក្តីរាយការណ៍សរុបចំនួន២០០០ករណី ទាក់ទងនឹងស្ថានភាពខូចខាតតាមអគារ និងហេដ្ឋារចនាសម្ព័ន្ធ នៅបាងកក៕