សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាទទួលបានអត្តពលិក ៤០នាក់ មកពី១០ក្លិប នៃការបោះជំរំហ្វឹកហាត់ថ្ងៃដំបូង

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានចាប់ផ្ដើមជាផ្លូវការហើយ នូវការបោះជំរំហ្វឹកហាត់ និងការប្រកួតដកស្រង់បច្ចេកទេស កាលពីថ្ងៃសៅរ៍ ទី២៩ ខែមីនា ឆ្នាំ២០២៥។ នេះបើតាមប្រភពពី NOCC បានឱ្យដឹងនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាមានប្រសាសន៍ថា៖ «ការបោះជំរំហ្វឹកហាត់នេះមានការសហការជាមួយក្លិបប្រដាល់សកលនៅរាជធានីភ្នំពេញ ហើយក៏មានការហ្វឹកហាត់ដកស្រង់បច្ចេកទេសក្នុងចំណោមកីឡាករជម្រើសជាតិ និងកីឡាករប្រដាល់សកលនៅតាមបណ្ដាក្លិប»។
«នេះជាយុទ្ធសាស្ត្រថ្មីរបស់សហព័ន្ធក្នុងអាណត្តិថ្មី ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេសកីឡាករ ផ្ដល់ឱកាស ដកស្រង់បច្ចេកទេសជាមួយកីឡាករដទៃក្រៅពីជម្រើសជាតិ។ ទី២ គឺជាការផ្សព្វផ្សាយការចូលរួមហ្វឹកហាត់កីឡាប្រដាល់សកលនៅតាមបណ្ដាក្លឹប ដើម្បីឱ្យពួកគាត់បានហ្វឹកហាត់ជាមួយគ្នា ប្រកួតដកស្រង់បច្ចេកទេសជាមួយជម្រើសជាតិក៏ដូចជា រវាងក្លិប និងក្លិប»។
ថ្នាក់ដឹកនាំដដែលសង្កត់ធ្ងន់ថា «នេះគឺជាការអភិវឌ្ឍដើម្បីជំរុញផ្សព្វផ្សាយ និងលើកកម្ពស់កីឡាប្រដាល់សកលនៅកម្ពុជា ដែលសហព័ន្ធនឹងរៀបចំកម្មវិធីនេះរៀងរាល់ ២សប្ដាហ៍ម្ដង ដើម្បីចូលរួមការប្រកួតអន្តរជាតិ ជាពិសេសស៊ីហ្គេម ឆ្នាំ២០២៥ នៅប្រទេសថៃ» ។
ឯកឧត្ដម ប៊ុយ សុភ័ណ្ឌ បន្ថែមថា សម្រាប់ថ្ងៃដំបូងនៃយុទ្ធនាការខាងលើមានកីឡាករចូលរួមចំនួន៤០រូបមកពីក្លិបចំនួន ១០ក្នុងរាជធានីភ្នំពេញុ។ ឯកឧត្ដមប្រធានសង្ឃឹមថា នឹងមានកីឡាករ និងក្លិបន្ថែទៀតចូលរួម ហើយស្វាគមន៍ជានិច្ច។ សម្រាប់អ្នកហ្វឹកហាត់ជាជនជាតិខ្មែរ មិនមានការបង់ថ្លៃទេ តែនឹងមានការគិតថវិកាតិចតួចពីសំណាក់អ្នកហ្វឹកហាត់ជាជនជាតិបរទេស ដើម្បីសម្រួលលើការផ្គត់ផ្គង់លើសម្ភារៈ៕

អត្ថបទដែលជាប់ទាក់ទង