គ្រោះរញ្ជួយដី ៣លើកជាប់ៗគ្នា កើតឡើងនៅស្រុកកនភ្លង ខេត្តកនទុម នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរី ប្រទេសកម្ពុជា
ហាណូយ៖ គ្រោះរញ្ជួយដីចំនួន៣លើកជាប់ៗគ្នា បានកើតឡើងនៅស្រុកកនភ្លង (Kon Plong) ខេត្តកនទុម (Kon Tum) នៃប្រទេសវៀតណាម ក្បែរខេត្តរតនគិរី នៃប្រទេសកម្ពុជា នៅថ្ងៃទី៣១មីនា ឆ្នំា២០២៥នេះ ដែលមានជម្រៅរហូតដល់៨,១គីឡូម៉ែត្រ។ ទន្ទឹមនឹងមជ្ឈមណ្ឌលព័ត៌មានគ្រោះរញ្ជួយដីបានព្រមានអំពីរលកយក្សស៊ូណាមិ។
គួរជម្រាបថា លើកទីមួយគឺរញ្ជួយនៅម៉ោង៤ៈ០៨នាទីព្រឹក មានមានកម្រិត៣,១រ៉ិចទ័រ។ ប្រហែលពីរនាទីក្រោយមកក៏មានការរញ្ជួយដីកម្រិត៣,០រ៉ិចទ័រ ហើយប្រហែលនៅម៉ោង៤ៈ៤០នាទីព្រឹកទៀបភ្លឺ គឺមានរញ្ជួយកម្រិត២,៦រ៉ិចទ័រ ដោយការរញ្ជួយដីទាំង៣ លើកនេះ មានជម្រៅប្រហែល៨,១គីឡូម៉ែត្រ។
ជុំវិញគ្រោះរញ្ជួយដីនេះ នាយកមជ្ឈមណ្ឌលគ្រោះរញ្ជួយដី លោក ង្វៀន ស៊ួនអញ (Nguyen Xuan Anh) ព្រមានអំពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ដោយបានបញ្ជាក់ថា ខេត្តកនទុមស្ថិតលើខ្សែបន្ទាត់នៃគ្រោះរញ្ជួយដី ប៉ុន្តែស្ថិតក្នុងកម្រិតរញ្ជួយដីខ្សោយ។ ដូច្នេះ ការរំញ័រអតិបរមានៅក្នុងតំបន់នេះមិនលើសពី៥,៥រ៉ិចទ័រទេ ៕