មន្ដ្រី២រូបរបស់កម្ពុជា ដែលបញ្ជូនទៅមីយ៉ាន់ម៉ា មិនមែនជាមន្ដ្រីជំនាញរុករក និងសង្គ្រោះឡើយ ជាក្រុមវាយតម្លៃស្ថានភាព, ប្រទេសសមាជិកអាស៊ានក៏បញ្ជូនមន្ដ្រីចំនួនដូចកម្ពុជាដែរ

(ភ្នំពេញ)៖ មន្ដ្រីចំនួន២រូបរបស់កម្ពុជា ដែលបានបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះ មិនមែនជាមន្ដ្រីជំនាញរុករក និងសង្គ្រោះឡើយ ពោលជាសមាជិកនៃក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលមានសមត្ថភាពជួយលើការងារសម្របសម្រួល វាយតម្លៃរហ័ត និងភស្ដុកម្ម និងការងារផ្សេងៗទៀត។
មន្ដ្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ សមាជិកក្រុមប៉ាន់ប្រមាណ និងឆ្លើយតបបន្ទាន់របស់អាស៊ាន ដែលនឹងចូលរួម ក្នុងបេសកកម្មនេះ រួមមាន៖ ប្រទេសព្រុយណេ ចំនួន៣រូប, ឥណ្ឌូនេស៊ី ចំនួន២រូប, ឡាវ ចំនួន១រូប, ម៉ាឡេស៊ី ចំនួន៣រូប, ហ្វីលីពីន ចំនួន៣រូប, សីង្ហបូរី ចំនួន៣រូប, ថៃ ចំនួន១រូប និងវៀតណាម ចំនួន៣រូប សរុបចំនួន២១រូប។
មន្ត្រីដែលត្រូវបានបញ្ជូនទៅចូលរួមក្នុងបេសកកម្មខាងលើ នឹងផ្តល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយនេះ។ ការចូលរួមរបស់ពួកគេក្នុងបេសកកម្មនេះ បង្ហាញពីការប្តេជ្ញាចិត្ត របស់កម្ពុជាដោយឈរលើស្មារតីសាមគ្គីភាពជាមួយប្រជាជនមីយ៉ាន់ម៉ាក្នុងពេលវេលាដ៏លំបាកនេះ។
គ្រោះរញ្ជួយដីកម្លាំង ៧.៧វ៉ិចទ័រ បានបង្កការបំផ្លិចបំផ្លាញ និងការបាត់បង់ជីវិតនៅប្រទេសមីយ៉ាន់ម៉ា ដោយមានរបាយការណ៍ថាមានអ្នកស្លាប់ជាង ១,៧០០នាក់ អ្នករងរបួសរាប់ពាន់នាក់ និងការខូចខាតហេដ្ឋា រចនាសម្ព័ន្ធ យ៉ាងធ្ងន់ធ្ងរ។ ការឆ្លើយតបបន្ទាន់របស់កម្ពុជាក្នុងការបញ្ជូនមន្ត្រីទៅចូលរួមក្នុងប្រតិបត្តិការមនុស បានបង្ហាញពីស្មារតីសហប្រតិបត្តិការ និងឯកភាពក្នុងតំបន់អាស៊ានក្នុងពេលមានគ្រោះមហន្តរាយ។
រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ នៅប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទដែលជាប់ទាក់ទង