មីយ៉ាន់ម៉ា ប្រកាសកាន់ទុក្ខរយៈពេល១សប្តាហ៍ សម្រាប់ជនរងគ្រោះរញ្ជួយដី
(ណៃពិដោ)៖ នៅថ្ងៃចន្ទ ទី៣១ ខែមីនា រដ្ឋាភិបាលយោធានៃប្រទេសមីយ៉ាន់ម៉ា បានប្រកាសរយៈពេលកាន់ទុក្ខទូទាំងប្រទេស ១សប្តាហ៍ សម្រាប់ជនរងគ្រោះ នៃមហន្តរាយរញ្ជួយផែនដី ដែលបានផ្តាច់ជីវិតមនុស្សលើស ១៧០០នាក់។ នេះបើតាមការផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។
សេចក្តីថ្លែងការណ៍របស់របបសឹកមីយ៉ាន់ម៉ា បាននិយាយថា រយៈពេលកាន់ទុក្ខផ្លូវការ នឹងបន្តរហូតដល់ថ្ងៃទី៦ ខែមេសា ដោយទង់ជាតិ នឹងត្រូវបង្ហូតនៅត្រឹមពាក់កណ្តាល។ ភ្លាមៗ ក្រោយការវាយប្រហារដោយគ្រោះរញ្ជួយដី កម្រិតរហូតដល់ ៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រ ទី២៨ ខែមីនា រដ្ឋាភិបាលយោធាមីយ៉ាន់ បានប្រកាសដាក់តំបន់ចំនួន៦ ក្រោមភាពអាសន្ន ហើយអំពាវនាវរកជំនួយពីអន្តរជាតិ។ មកទល់ពេលនេះ បណ្តាប្រទេសក្នុងតំបន់ និងប្រទេសច្រើនផ្សេងទៀត បាននាំគ្នាស្ទុះស្ទាជួយផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាបញ្ជូនក្រុមសង្រ្គោះ មកជួយមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ក្រៅពីមនុស្សស្លាប់លើស១៧០០នាក់ នៅមីយ៉ាន់ម៉ា មានមនុស្សរងរបួស៣៤០០នាក់ និងបាត់ខ្លួនជាង ៣០០នាក់ផ្សេងទៀត។ មិនតែប៉ុណ្ណោះ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាខាងលើ ក៏បានបង្កការញ័ររញ្ជួយដល់ប្រទេសក្បែរខាងផងដែរ ជាពិសេសប្រទេសថែ ដែលមានមនុស្សស្លាប់យ៉ាងហោច១៧នាក់ និងនៅបន្តបាត់ខ្លួនរាប់សិបនាក់៕