សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយ និងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន» ដែលប្រារព្ធធ្វើនៅវិមានរដ្ឋសភា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ បានផ្តល់អនុសាសន៍មួយចំនួន នៅក្នុងការចូលរួមចំណែក សម្រាប់ការពិភាក្សា និងយកទៅអនុវត្តនៅក្នុងការគិតគូរដោះស្រាយបញ្ហាជំងឺមិនឆ្លងទំាងក្នុងកម្រិតជាតិនិងកម្រិតអន្តរជាតិ។

សម្រាប់ថ្នាក់តំបន់ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា៖
ទី១-ត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការតំបន់ លើការងារជំងឺមិនឆ្លង តាមរយៈ ការសន្ទនា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការចែករំលែកចំណេះដឹង និងការអនុវត្តសកម្មភាពរួម។ ដើម្បីសម្រេចបានសហគមន៍អាស៊ានដែលយកប្រជាជនជាស្នូល យើងត្រូវកសាងសង្គមអាស៊ាន ដែលប្រជាជនមានចំណេះដឹង សមត្ថភាព និងសុខភាពល្អ។ ក្នុងន័យនេះ យើងត្រូវជំរុញកិច្ចសហប្រតិបត្តិការ ការបែងចែកធនធាន និងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សន្តិសុខសុខភាពតំបន់ និងសាកល។
ទី២-សម្តេចបានស្នើដល់អ្នកពាក់ព័ន្ធត្រូវកសាងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធថែមទៀត រវាងស្ថាប័នជាតិ ស្ថាប័នអនុតំបន់ តំបន់ និងសាកល ដូចអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ បានសរបញ្ជាក់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងអន្តរស្ថាប័ន អន្តរសភា និងដៃគូអភិវឌ្ឍន៍ចម្រុះ។ អាស៊ានត្រូវធ្វើកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយស្ថាប័នតំបន់ និងស្ថាប័នសាកលនានា ដូចជា វេទិកា សមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) អង្គការសុខភាពពិភពលោ ក (WHO) មជ្ឈមណ្ឌល សភាអាស៊ី (PCAsia) ជាដើម ដើម្បីកសាងភាពជាដៃគូដ៏រឹងមាំ ហើយធន់ ក្នុងការដោះស្រាយបញ្ហាជំងឺមិនឆ្លង។
ទី៣-ត្រូវរកដំណោះស្រាយជាប្រព័ន្ធ និងមាននវានុវត្តន៍ ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការសាកល ការវិនិយោគលើការស្រាវជ្រាវ និងការប្រមូលទិន្នន័យវិទ្យាសាស្រ្ត និងការធ្វើសមាហរណកម្មជំងឺមិនឆ្លង ក្នុងប្រព័ន្ធថែរក្សាសុខភាពបឋម ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការកៀគរធនធានហិរញ្ញវត្ថុឱ្យមាននិរន្តរភាព និងការប្រើប្រាស់វិធានអន្តរវិស័យ។ យើងទាំងអស់គ្នាត្រូវលើកកម្ពស់គោលនយោបាយ និងជំរុញឥរិយាបថ រស់នៅដោយមានសុខភាពល្អ និងលុបបំបាត់ជាអតិបរមា នូវដើមចមសង្គម ដែលបង្កឱ្យមានជំងឺមិនឆ្លង។
សម្រាប់អនុសាសន៍ថ្នាក់ជាតិ ក៏មានបីចំណុចដែរនៅក្នុងនោះសម្តេចប្រធានរដ្ឋសភា បានលើកឡើងថា៖
ទី១-សូមលើកទឹកចិត្ត និងជំរុញដល់សមាជិក សមាជិការដ្ឋសភា និងព្រឹទ្ធសភា សហការជាមួយអាជ្ញាធរគ្រប់ជាន់ ថ្នាក់ និងដៃគូអភិវឌ្ឍន៍ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងវិធីសាស្រ្តនៃការបង្កា ការពារជំងឺមិនឆ្លង នៅតាមមូលដ្ឋានឱ្យបានជាប់ជាប្រចាំ តាមរយៈយុទ្ធ នា ការជំរុញការស្រលាញ់សុខភាព និងទម្លាប់នាំមកនូវសុខភាពល្អ ក្រោមទិសស្លោក «ប្រជាជនមានសុខភាពល្អ កម្ពុជា បវររុងរឿង — Healthy Life, Healthy Cambodia»។ ដើម្បីសម្រេចបាននូវភាពជោគជ័យ យើងចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី និងពង្រឹងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហាជំងឺមិនឆ្លងនេះ។ យើងត្រូវកសាងនូវ «យុទ្ធសាស្រ្តជវភាពតួអង្គតែមួយ (whole-of-society approach)» ដែលមានការចូលរួមពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទីកន្លែង ទាំងទីក្រុង និងទីជនបទ។
ទី២-សូមលើកទឹកចិត្តដល់គណៈកម្មការជំនាញរបស់រដ្ឋសភា ជាពិសេសគណៈកម្មការទី៨ បន្តការតាមដានការអនុវត្ត «ផែនការសកម្មភាពពហុវិស័យ ជាតិ ២០១៨-២០២៧ ស្តីពីការការពារ និងការប្រយុទ្ធនឹងជំងឺមិនឆ្លង» ក៏ដូចជា «យុទ្ធសាស្រ្តជាតិកាត់បន្ថយជាតិអំបិល ២០២១-២០២៧» ដោយចូលរួមសហការគាំទ្រគ្នាទៅវិញទៅមក។

ទី៣-សូមអំពាវនាវដល់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័នពាក់ព័ន្ធ រួមមាន៖ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្រសួងទេសចរណ៍ ពង្រឹងការត្រួតពិនិត្យបញ្ហាសុវត្ថិភាពចំណីអាហារនាំចូល និងផលិតក្នុងស្រុក ជាពិសេស ត្រី សាច់ បន្លែ ផ្លែឈើ ដែលខូចគុណភាពអាហារមានជាតិផ្អែម និងប្រៃខ្លាំង ឬប្រើប្រាស់សារធាតុគីមីហួសកម្រិត ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុខភាព សុវត្ថិភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្ទាល់។ សម្រាប់វិធានការបន្ទាន់ យើងក៏គួរពិចារណារកវិធានការនានាដើម្បីធានាអំពីសុវត្ថិភាព និងទប់ស្កាត់នូវចំណីអាហារ ឬភេសជ្ជៈណាដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដូចជាគ្រឿងស្រវឹង និងភេសជ្ជៈមានកម្រិតជាតិផ្អែមខ្ពស់ ជាដើម។ បន្ថែមពីនេះ ក្រសួងសុខាភិបាលគួរពិចារណាស្វែងរក និងលៃលកខ្ទង់ថវិកាសម្រាប់គ្រប់គ្រង និងដោះស្រាយបញ្ហាប្រឈមនៃជំងឺមិនឆ្លង ចាប់ពីឆ្នាំនេះទៅមុខ។ ក្នុងថវិកា ឆ្នាំ២០២៥ និងកន្លងមកនេះ មិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយជំងឺមិនឆ្លងនោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង