ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់(DBST) និងផ្លូវបេតុងប្រវែង ៩២,៩0គីឡូម៉ែត្រ នៅខេត្តកំពង់ធំ
នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់(DBST) និងផ្លូវបេតុងប្រវែង ៩២,៩0គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា(RID4CAM) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់(KfW) ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) និងសហភាពអឺរ៉ុប(EU/AIF)។
សូមជម្រាបថា ពិធីសម្ពោធបើការដ្ឋានដ៏មានសារសំខាន់នាពេលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអ្នកចូលរួមសរុបប្រមាណ ១៥៩៩នាក់។
សូមបញ្ជាក់ថា ផ្លូវជនបទដែលត្រូវបើកការដ្ឋានសាងសង់មានចំនួន ១២ខ្សែ ប្រវែងសរុប ៩២,៩0គីឡូម៉ែត្រ ដោយឆ្លងកាត់ភូមិចំនួន៥១ ឃុំចំនួន៩ ស្រុកចំនួន៤ ក្នុងខេត្តកំពង់ធំ ហើយដែលនឹងផ្ដល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋចំនួន ៣១៧៣១គ្រួសារ។ ផ្លូវទាំង១២ខ្សែនេះនឹងបង្កើនការតភ្ជាប់ និងបម្រើផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋទាំងផ្នែកសេដ្ឋកិច្ច និងសង្គម ដោយបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទៅប្រកបមុខរបរប្រចាំថ្ងៃ ការដឹកជញ្ជូនកសិផល ទៅទទួលសេវាសាធារណៈផ្សេងៗដូចជា រដ្ឋបាល និងសុខាភិបាល បង្កើនឱកាសការងារ ព្រមទាំងចំណេញពេលវេលា ថវិកា និងសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀនផងដែរ៕