ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារ អាហរ័ណ នីហរ័ណចិន (EXIMBANK) ស្ថិតក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ

នៅរសៀលថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយមជាច្រើនរូប។
សូមជម្រាបថា ការងារសំខាន់ៗនៃគម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិតរួមមាន ការសាងសង់ខ្នងទំនប់សរុបប្រវែង ២៦៨០ម៉ែត្រ ដែលរួមមានទំនប់ដីខាងឆ្វេងប្រវែង ១១៣៦ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១១៨៨ម៉ែត្រ ខ្នងទំនប់មានកម្ពស់ ៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រ។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៥២,៨%។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការអភិវឌ្ឍអាងទឹកដងកាំបិត គឺក្នុងគោលបំណងដើម្បីធានានូវសន្ដិសុខទឹក និងការផ្គត់ផ្គង់ទឹកបម្រើឱ្យការស្រោចស្រពផ្ទៃដីកសិកម្មនៅផ្នែកខាងក្រោម ព្រមទាំងជួយបង្កើនផលិតភាពកសិកម្ម ហើយគម្រោងនេះក៏នឹងធានាដល់ការប្រើប្រាស់សម្រាប់ពហុវិស័យ និងជាផ្នែកមួយជួយលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង