សពពលករខ្មែរស្លា..ប់ដោយសារគ្រោះរញ្ជួយនៅថៃ ត្រូវបានដឹកដល់ផ្ទះហើយ
(បន្ទាយមានជ័យ)៖ សាកសពជនរងគ្រោះម្នាក់ដែលស្លាប់ដោយរញ្ជួយដីបាក់អគារសង្កត់នៅប្រទេសថៃ ត្រូវបានរថយន្តសង្គ្រោះថៃដឹកដល់លំនៅដ្ឋានជូនសាច់ញាតិ នៅស្រុកម៉ាឡៃ នៅម៉ោង៦ល្ងាច ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។
នៅពេលដែលទទួលសាកសពជនរងគ្រោះគេឃើញក្រុមការងារថ្នាក់ជាតិក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជជីវៈនិងអាជ្ញាធរខេត្តស្រុក និងក្រុមគ្រួសារចាំទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលមានអគ្គកុងស៊ូលកម្ពុជាប្រចាំខេត្តស្រះកែវ។
លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានប្រាប់ថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ មាស វ៉ាង ភេទប្រុសអាយុ២៥ឆ្នាំ(មុខរបបកម្មករសំណង់) រស់នៅភូមិបល្ល័ង្គ ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលស្លាប់ដោយរញ្ជួយដី អគារបាក់សង្កត់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសថៃ។
លោកបានបញ្ជាក់ថា៖ក្រោយទទួលព័ត៌មានបានដឹងជនរងគ្រោះត្រូវបានស្លាប់ដោយអគារបាក់សង្កត់ នៅពេលមានរញ្ជួយដីនៅប្រទេសថៃសាច់ញាតិបានទទួលដំណឹងតាមរយៈសាច់ញាតិរួមការងារ ជនរងគ្រោះបានស្លាប់ហើយក្រុមសង្គ្រោះបានរកឃើញសាកសពគ្រួសារជនរងគ្រោះពិតមានភាពតក់ស្លុត ហើយអាជ្ញាធរស្រុកម៉ាឡៃបានចូលរួមរំលែកទុក្ខដល់គ្រួសារសព។
លោក ស្វាយ ជា បានបញ្ជាក់ថា សាកសពជនរងគ្រោះត្រូវភាគីថៃតាមរយៈអគ្គកុងស៊ូលកម្ពុជា ត្រូវបញ្ជូនសាកសពជនរងគ្រោះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តាមរយៈរថយន្តសង្គ្រោះថៃដឹកជញ្ជូនដល់លំនៅដ្ឋាន ដែលក្រុមការងារថ្នាក់ជាតិ និងខេត្ត/ស្រុក និងសាច់ញាតិបានទទួលសាកសព និងអរគុណចំពោះភាគីថៃដែលបានយកចិត្តទុកដាក់ និងដឹកជញ្ជូនសាកសពដល់លំនៅដ្ឋានស្រុកម៉ាឡៃ ដើម្បីប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណី៕