ផ្ទុះកំប៉ុងហ្គាសឆេះតូបលក់អីវ៉ាន់ចំនួន២ ក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះតូបលក់ដូរចំនួន២ក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរប្ញស្សី ក្រុងប៉ោយប៉ែត នៅ យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ។
ក្រោយពីបានទទួលព័ត៌មានពីករណីអគ្គិភ័យឆាបឆេះតូបលក់ដូរក្នុងសាលាបឋមសិក្សាព្រៃគប់ ស្ថិតនៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ដែលមានម្ចាស់តូបឈ្មោះ គឹម ហឿន ភេទស្រី អាយុ ៧១ឆ្នាំ ជនជាតិខ្មែរ ។ ភ្លាមៗនោះកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែតបាននាំយករថយន្តពន្លត់អគ្គិភ័យ រួមសហការជាមួយកម្លាំងយោធាសឹករងក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សី កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនព្រៃគប់ ក្រុមសង្គ្រោះបឋមក្រុងប៉ោយប៉ែត កម្លាំងប្រជាការពារភូមិព្រៃគប់ រថយន្តពន្លត់អគ្គិភ័យស្តាហ្គោល និងប្រជាពលរដ្ឋ បានចុះមកជួយពន្លត់អគ្គិភ័យនេះ។
កិច្ចប្រតិបត្តិការនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៣គ្រឿង៖ ១.រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង។ ២.រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្តាហ្គោល ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង ។ ៣.រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមសង្រ្គោះ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ធុង ភ្លើងបានរលត់ទាំងស្រុងនៅម៉ោង ១១យប់ ។ចំពោះការខូចខាតសម្ភារៈនិងតូបលក់ដូរចំនួន០២តូប ឆេះអស់ទាំងស្រុង តែមិនបណ្តាលឲ្យឆេះដល់សាលារៀននិងមានអ្នករងរបួសនិងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕